ព័ត៌មានជាតិ

បីឆ្នាំមុនចាប់ប្តីពីបទជួញដូរគ្រឿងញៀន មិនទាន់ចេញផង ឥលូវចាប់ប្រពន្ធម្តងករណីដូចគ្នា

ភ្នំពេញ: កម្លាំងនគរបាលជំនាញអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់ម្ដាយ និងកូន ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលេខ១៨០ ក្រុមទី៧ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី ហាក់ឡេង អាយុ១៨ឆ្នាំ ត្រូវជាកូន និងឈ្មោះ ងួន សំបូរ អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ (ឃាត់ខ្លួន)។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងនគរបាលដកហូត បានថ្នាំញៀនចំនួន២កញ្ចប់។

តាមប្រភពបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះ បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនយូរមកហើយ ហើយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវយូរមកហើយដែរ ទើបឈានដល់ការកំណត់មុខសញ្ញា។

រហូតដល់ថ្ងៃទី១៣ ខែកក្កដានេះ ទើបលោក ម៉ន វុធី បានដឹកនាំកម្លាំងចុះទៅធ្វើការបង្រ្កាប និងចាប់ខ្លួនបានទាំង២នាក់ម្ដាយ និងកូន រួចដកហូតថ្នាំញៀន២កញ្ចប់ ក្រោយមកបាននាំទៅសាកសួរ និងចាត់ការតាមនិតិវិធី៕

មតិយោបល់