ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បើកបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងរងរបួសធ្ងន់ម្នាក់ ខណៈរថយន្តធ្លាក់ចូលប្រឡាយ រងការខូចខាត។
ហេតុការណ៍នេះ កើតទ្បើងកាលវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ ដើមទ្បើយគេឃើញរថយន្តបង្ក ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-3173 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏រេចង្កូតទៅបុកម៉ូតូម៉ាកស៊ុយស៊ីគីនិច ពណ៌ខៀវ គ្មានផ្លាកលេខ ធ្វើដំណើរពីកើតទៅលិច ទិសដៅផ្ទុយគ្នា ដោយម៉ូតូខ្ទាតជាច្រើនម៉ែត្រ រីឯរថយន្តធ្លាក់ចូលប្រទ្បាយទឹក ខូចខាតទាំងសងខាង។
ជនរងគ្រោះទី១ឈ្មោះ ចន គឹមជួរ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងមាស ស្នាក់នៅភូមិអូរដឹម សង្កាត់ត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតរខេត្តស្វាយរៀង (ស្លាប់) ទី២.ឈ្មោះ ដួង ចាន់ធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងមាសដូចគ្នា ស្នាក់នៅភូមិអូរដឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតខេត្តព្រៃវែង (ស្លាប់) និងម្នាក់ទៀត តៃកុងរថយន្ត មិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាសវែង និងយករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុក រង់ចាំការដោះស្រាយតាមនិតីវិធី។ ដោយទ្បែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច បានប្រគល់ទៅឲ្យក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់