ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ចុះពីលើស្ពាន បុកគោយន្តក្រឡាប់ធ្លាក់មនុស្ស ៦នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង២០នាទី រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តាយមហាវិថីឈ្នះឈ្នះ ចំណុចគល់ស្ពានព្រែកព្នៅត្រើយខាងកើត ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៍ ចុះពីស្ពានបុកគោយន្តក្រឡាប់ជើងធ្លាក់មនុស្ស ៦នាក់ រងរបួសធ្ងន់ស្រីម្នាក់។

រថយន្តបង្កម៉ាកហ៊ីណូ ប្រភេទក្រឡុកស៊ីម៉ងត៍បង្ក ពាក់ផ្លាកលេខ 5A-3125 បើកដោយបុរសម្នាក់។
គោយន្តកន្ត្រៃរងគ្រោះ ពណ៌ក្រហម ដឹកមនុស្សប្រុសស្រី ៦នាក់ ក្នុងនោះស្ត្រីម្នាក់របួសធ្ងន់ឈ្មោះ ស្រីណាក់ អាយុ ៣២ឆ្នាំ មុខបរកម្មករសំណង់ មានទីលំនៅភូមិបួន ឃុំកំពង់ហ្លួង ស្រុកត្រគរ ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានពី តៃកុងគោយន្តកន្ត្រៃនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកគោយន្ត ឡើងស្ពានខាងលើ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខណ:ដែលគាត់ក៏លើកដៃជាសញ្ញាបំណងបត់ឆ្វេង ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍ខាងលើ ចុះពីលើស្ពានបានបុកគោយន្តគាត់ពីក្រោយបណ្តាលឲ្យក្រឡាប់ផ្ងាជើងធ្លាក់មនុស្សប្រុសស្រី ៦នាក់ មកលើផ្លូវក្នុងនោះស្ត្រីម្នាក់របួសធ្ងន់អ្នកផ្សេងទៀតរបួសស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរបានចុះទៅដល់កន្លែងកើត ហេតុនិងធ្វើការវាស់វែង រួចក៏បានប្រគល់គោយន្ត និងរថយន្តទៅឲ្យសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយចំណែកស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរសំរាកព្យាបាលនិងសម្ភពពន្លឺ៕

មតិយោបល់