ព័ត៌មានជាតិ

រថយន្តកុងតឺន័រមួយគ្រឿង បើកលឿន បណ្តាលឲ្យបុករះផ្ទះអ្នកវេរលុយ ជាច្រើនខ្នង នៅតាមបណ្តោយផ្លូវវេងស្រេង

ភ្នំពេញ: ផ្ទះប្រជាពលរដ្ឋដែលជាកន្លែងវេលុយចំនួន៤កន្លែង និងកន្លែងលក់ស្រាក្រឡុក មួយកន្លែងទៀត ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានរថយន្តកុងតឺន័រ មួយគ្រឿងក្រឡាប់បុក ក្រោយពីរថយន្តនោះ បើកក្នុងល្បឿនលឿន នៅត្រង់ចំណុចផ្លូវកោង កាលពីវេលាម៉ោងប្រមាណ២រំលង អធ្រាត្រ ឈាមចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០នេះ ។

ករណីខាងលើនេះ បង្កឡើងដោយរថយន្ត កុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-6327 ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រមួយគ្រឿង បើកបរនៅតាមបណ្ដោយផ្លូវវេងស្រេង ដែលមានទិសដៅ ពីលិចទៅកើត មានល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវកោងបួងចង្កូតមិនទាន់ ក៏បណ្ដាលឲ្យទៅបុកគម្របលូបែកទុយោទឹករបស់រដ្ឋ អស់ចំនួនមួយ ទៅបុករះផ្ទះប្រជាពលរដ្ឋវេរលុយផ្ទះវីង ផ្ទះអ៊ីម៉ាន់នី ផ្ទះលីហួរ ផ្ទះទ្រូម៉ាន់នី ហើយបន្តទៅមុខបណ្តាលឲ្យក្រឡាប់ លើកន្លែងលក់ស្រាក្រឡុកបែកបាក់ទូរតុកៅអីអស់ជាច្រើនទៀត ។

ភ្លាមៗនោះដែរ គេឃើញតៃកុងរថយន្តបានបើកទ្វារចេញ រត់បាត់ស្រមោល តែសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំមាននរណាម្នាក់រងរបួស ឬក៏ស្លាប់នោះទេ ៕

មតិយោបល់