ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចអគារជំងឺទូទៅ នៃមន្ទីរពេទ្យកាលម៉ែត ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៤និង១៥នាទី ។
ជនសង្ស័យឈ្មោះ ភា សុខចាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៥និង៤០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ វត្ថុតាងចាប់យកមាន ៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone 6plus ពណ៌ទឹកប្រាក់ (ប្រគល់ឲ្យម្ចាស់យកទៅរក្សាទុកជាបណ្តោះអាសន្ន) ។
ជនរងគ្រោះឈ្មោះ ខេន សុធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រយ៉ុងលីហ័ង ស្នាក់នៅផ្ទះជួលលេខ២៣៣ ផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ភា សុខចាន់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃពីជនរងគ្រោះប្រាដកមែន ។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ និងកម្លាំងប៉ុស្តិ៍ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ។
ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្ក្រាបជាប់ជាប្រចាំ ៕
មតិយោបល់