ព័ត៌មានជាតិ

ជាងកាត់សក់ និងបើកបររថយន្តដឹកដីម្នាក់ធ្លាយពោះវៀនស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តដឹកគ្រឿងចក្របើកបុកពីក្រោយម៉ូតូអូសជិតរាប់សិបម៉ែត្រ

ភ្នំពេញ: កាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ដោយរថយន្តដឹកគ្រឿងចក្របើកបុកម៉ូតូហុងដាគុបពីក្រោយនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងកាត់សក់ និងបើកបររថយន្តដឹកដី មានទីលំនៅភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ មានកូន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា គុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BU-2327 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាក ហុីណូ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0241 ជារថយន្តសម្រាប់ដឹកគ្រឿងចក្រ បានបើកពីជើងទៅត្បូងស្របទិសគ្នា ល្បឿនលឿន ជ្រុលមកបុកពីក្រោយម៉ូតូរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ធ្លាយពោះវៀន ធ្លាយដាច់ថ្លើមមកក្រៅគួរឲ្យរន្ធត់ រីឯរថយន្ត មានជាប់ម៉ូតូពីក្រោម ព្យាយាមបើកទៅមុខជាង១០០ម៉ែត្រ ទើបឈប់ចត អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ក្រុមគ្រួសារសពស្រែកទ្រហោរយំស្រណោះយ៉ាងសោកសៅ និងយកសពទៅធ្វើបុណ្យតាមប្រពៃណីឯផ្ទះ នៅក្បែរកន្លែងកើតហេតុនោះដែរ ។ ជុំវិញករណីខាងលើ សមត្ថកិច្ចចុះទៅពិនិត្យរួចប្រគល់ទៅនគរបាលជំនាញចុះទៅវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ រងចាំការដោះស្រាយ៕

 

មតិយោបល់