ព្រៃវែងៈ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី០៨ និងវេនទី០៩ ដែលត្រូវនឹងថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមយុវជនម៉ូតូធំ M SPORT FAMILY និងក្រុមហ៊ុនប្រេងម៉ាស៊ីន TOP1 បាននាំយកស្បៀងអាហារថវិកា និងរបស់ប្រើប្រាស់ជាច្រើន ទៅចែកជូនដល់ជនចាស់ជរាដែលរស់នៅក្នុងរាជធានីភ្នំពេញចំនួន១គ្រួសារ និងខេត្តព្រៃវែងចំនួន៤គ្រួសារ។
លោក ខៀវ បញ្ញារិទ្ធ ប្រធានមូលនិធិ M SPORT FAMILY បានមានប្រសាសន៍ឲ្យដឹងថា ក្រុមរបស់លោកតែងតែបង្កើតកម្មវិធីសប្បុរសធម៌ជារៀងរាល់ខែ ក្នុងគោលបំណងជួយដល់ជនចាស់ជរា កុមារក្រីក្រ មន្ទីរពេទ្យ ឬមជ្ឈមណ្ឌលអប់រំនានា ដើម្បីជាការរួមចំណែកជួយអភិវឌ្ឍសង្គមជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបានបន្តទៀតថា អំណោយដែលបាននាំយកមកចែកជូនចាស់ៗនៅពេលនេះ គឺបានមកពីការរៃអង្គាសពីសមាជិកក្នុងក្រុម និងបានការឧបត្ថម្ភពីបណ្តាសប្បុរសជន និងម្ចាស់ក្រុមហ៊ុននានា ដែលក្នុងនោះមានក្រុមហ៊ុនប្រេងម៉ាស៊ីន TOP 1 ជាអ្នកឧបត្ថម្ភធំ។ លោកបានសង្កត់ធ្ងន់ថា មូលហេតុដែលជំរុញឲ្យលោកនិងក្រុមសមាជិកធ្វើសកម្មភាពជួយសង្គមយ៉ាងសកម្មបែបនេះ ទីមួយ គឺចង់ជួយប្រជាពលរដ្ឋដែលកំពុងតែខ្វះខាត និងទី២គឺចង់បង្ហាញឲ្យប្រជាពលរដ្ឋដឹងថា យុវជនគឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការជួយសង្គមជាតិ ទាំងពេលបច្ចុប្បន្ន និងអនាគត។
ឆ្លៀងក្នុងឱកាសនោះ ប្រធានក្រុមយុវជនម៉ូតូធំ M SPORT ក៏បានថ្លែងអំណរគុណដល់សប្បុរសជន បណ្តាក្រុមហ៊ុនទាំងអស់ ដែលតែងតែគាំទ្ររាល់សកម្មភាពមនុស្សធម៌កន្លងមក ហើយលោកក៏អំពាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តនូវវប្បធម៌ចែករំលែកដ៏ប្រពៃនេះជាបន្តទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា មន្ទីរពេទ្យ និងមជ្ឈមណ្ឌលអប់រំសិក្សាផ្សេងៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិយើងឲ្យបានរីកចម្រើនតទៅមុខទៀត៕
មតិយោបល់