ព័ត៌មានជាតិ

រថយន្តឃ្លុបដឹកឥវ៉ាន់ ១គ្រឿង​ រេចង្កូតឡើងខឿនចិញ្ចើមផ្លូវ បុកដើមឈើ ១ដើមក្រឡាប់ផ្ងារជើង

ភ្នំពេញ: រថយន្តឃ្លុបដឹកឥវ៉ាន់មួយគ្រឿងម៉ាក គាបើកក្នុងល្បឿនយ៉ាងលឿន ឡើងខឿនចិញ្ចើមផ្លូវបុកដើមឈើមួយគ្រឿង ជ្រុលទៅមុខក្រឡាប់ផ្ងារជើងចូលវាលស្មៅគោ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមហ៊ុនអូអាយស៊ី ត្រង់ចំណុចមុខវិមានអាហារភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក គា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-4232 ចំណែកឯអ្នកបើកបររងរបួសស្រាល មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើ បើកបរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេចង្កូតមកខាងស្ដាំដៃឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកដើមឈើមួយដើមបាក់រាបដល់ដី មិនអស់ទាន់ល្បឿនទៅមុខធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ដោយឲ្យតំណាងរថយន្តបង្កធ្វើការជួសជុល ដាំដើមឈើឲ្យក្រុមហ៊ុនអូអាយស៊ីវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់