ព័ត៌មានជាតិ

Update៖ ស្ត្រីជាម្ដាយ ដែលមានគំនុំ ប៉ងសងសឹកជួសកូន ហើយយកកាំបិតអារមុខ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ របួសធ្ងន់ ពេលនេះ បញ្ជូនទៅតុលាការហើយ

ភ្នំពេញ: នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានញ្ជូនស្ត្រីជាម្ដាយ ដែលយកកាំបិតអារមុខក្មេងស្រីអាយុ៥ឆ្នាំ បណ្ដាលឲ្យរបួសធ្ងន់ ទៅតុលាការហើយ។

ស្ត្រីសង្ស័យឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៦ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។ ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយ:ពេញមុខ ។

សូមជំរាបថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមក កូនប្រុសរបស់ស្ត្រីសង្ស័យ អាយុ២ឆ្នាំ លេងជុំគ្នាជាមួយក្មេងស្រីរងគ្រោះ និងក្មេងផ្សេងទៀត ហើយកូនប្រុសស្ត្រីសង្ស័យ បានលេងដេញគប់ទៅលើក្មេងរងគ្រោះ តែមិនត្រូវ។ លុះក្មេងរងគ្រោះ គប់វិញត្រូវ របួសធ្វើឲ្យយំ ត្រូវម្តាយក្មេងស្រី នាំជូនទៅពេទ្យដេរ១ថ្នេរ ជាហេតុធ្វើឲ្យស្ត្រីសង្ស័យ ជាម្តាយក្មេងប្រុសខឹង មានចិត្តគុំគួន ប៉ងសងសឹកជំនួសកូនវិញ។ ទើបរសៀលថ្ងៃទី១៦នេះ ពេលក្មេងៗ ច្រើននាក់ កំពុងលេងនៅមុខផ្ទះ ត្រូវស្ត្រីដៃដល់ឃើញ ក៏ចេញមកដោយដៃមានកាន់កាំបិត យកមកអារមុខក្មេងស្រីរងគ្រោះ សងសឹកជួសកូន បណ្តាលឲ្យរងរបួសធ្ងន់ ហើយរត់ចូលទៅសម្ងំក្នុងផ្ទះវិញបាត់ ។

ក្រោយកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកស្ត្រីសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម និងប៉ុស្តិ៍កាកាប២ យកសាកសួរ នៅប៉ុស្តិ៍សំរោងក្រោម។

បច្ចុប្បន្នសង្ស័យ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ញ្ជូនទៅតុលាការហើយ៕

មតិយោបល់