ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរបន្តដំណើរ នាំគ្រោះថ្នាក់! បុរសម្នាក់ បើករថយន្ត MITSUBISHI TRITON បុកម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់ស្រវឹង បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតឆ្លងចូលទៅផ្លូវម្ខាងទៅបុកចំពីមុខម៉ូតូមួយគ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងការខូចខាត និងរបួសធ្ងន់មនុស្សម្នាក់។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរផ្សារបឹងបៃតង តាមបណ្ដោយផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រា បើកបររថយន្តមួយគ្រឿង ម៉ាកMITSUBISHI TRITON ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-077 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បានរេចង្កូតឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុកចំពីមុខម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1R-6333 បើកបរដោយបុរសម្នាក់ មានទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យម៉ូតូខ្ទាតទៅបុកផ្ទុបនិងបង្កោលស្លាកប៉ាណូ រងការខូចខាតស្ទើរទាំងស្រុង និងអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះរថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវទេ បែរជាព្យាយាមបន្ថែមល្បឿន បំណងបើករត់គេចខ្លួន ទាំងរថយន្តក្រពឹតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ។

បន្ទាប់ពីបើកគេចបានចម្ងាយប្រមាណ២០០ម៉ែត្រ ពីកន្លែងកើតហេតុ អ្នកបើករថយន្ត បានឈប់រថយន្ត នៅលើចិញ្ចើមផ្លូវ រួចក៏ចុះពីលើរថយន្ត គេចខ្លួនចេញទៅបាត់សម្រោលតែម្ដង។

ក្រោយកើតហេតុ ក៏មានរថយន្តរបស់គ្លីនិកឯកជន បានមកធ្វើការដឹកយកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែង និងហៅរថយន្តស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្ក ចូលខ្លួនមកធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់