ព័ត៌មានជាតិ

សង្ស័យប្រើសារធាតុញៀនហួសកម្រិត ជនជាតិចិនម្នាក់ កាន់ដបសាំង ចាក់ដុតពេញខាងមុខបន្ទប់ជួល ផ្អើលពលរដ្ឋ ហៅសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់ វ័យប្រហែល២៥ឆ្នាំ បានយកសាំងទៅចាក់បង្ហៀរពេញបរិវេណ ខាងមុខបន្ទប់ជួល របស់ប្រជាពលរដ្ឋ ហើយបានដុត បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណ:ដែលពលរដ្ឋចូលដេកបិទទ្វារស្ងាត់ឈឹង។

ហេតុការណ៍នេះ បានបង្កឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខបន្ទប់ជួលលេខA1 តាមបណ្ដោយផ្លូវបេតុងខាងលិចស្តុប២៤ម៉ោង ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមសម្តីពីស្ត្រីជាម្ចាស់បន្ទប់ជួល សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គាត់និងក្រុមគ្រួសារ មានគ្នា៤ទៅ៥នាក់ ព្រមទាំងប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង បាននាំគ្នាបិទទ្វារបន្ទប់ ចូលដេកស្ងាត់អស់។ មួយសន្ទុះក្រោយមក ស្រាប់តែកូនរបស់គាត់ ដែលទើបនឹងកើតវាបានភ្ញាក់ពីដេក ហើយស្រែកយំ គាត់ក៏ងើបមកលួងឲ្យវាដេកទៅវិញ។ រហូតដល់វេលាកើតហេតុ គាត់ក៏បានឮដូចជាមានអ្វី នៅខាងមុខបន្ទប់ ពេលនោះគាត់ ក៏បានទៅមើលតាមប្រលោះទ្វារ ក៏ឃើញបុរសជនជាតិចិនខាងលើ កំពុងឈរកាន់ដបសាំងកន្លះលីត្រតែម្នាក់ឯង នៅខាងមុខបន្ទប់ ហាក់ដូចជាអ្នកប្រើប្រាស់សារធាតុញៀន ហួសកម្រិត។ បន្ទាប់មកជនជាតិចិនខាងលើ បានចាក់បង្ហៀរសាំងពេញបេតុងបរិវេណខាងមុខបន្ទប់របស់គាត់ ហើយបានដុត បណ្តាលឲ្យឆាបឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះគាត់ ក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ ចេញមកដួសទឹកជះពន្លត់ ទាន់ពេលវេលា មិនបណ្ដាលឲ្យរងការខូចខាតដល់សម្បត្តិនរណាម្នាក់ទ្បើយ។

ក្រោយមកគាត់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយធ្វើការអន្តរាគមន៍ភ្លាមៗ តែម្ដង។ ខណ:ដែលសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ជនជាតិចិនខាងលើ ក៏បានព្យាយាមដើរគេចខ្លួន ចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមកវិញ។

ក្រោយកើតហេតុជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

មតិយោបល់