ព័ត៌មានជាតិ

Update៖ ប្រពន្ធយំសោកស្រណោះ ទើបរៀបការបានជាង១ខែ ប្ដីចុះងូតទឹកស្រះមុងខ្មោច លង់ស្លាប់ ក្បែរកន្លែងធ្វើការនៅបុរី ឡុង ទិត្យ

ភ្នំពេញៈ បុរសម្នាក់ ខណៈដែលចុះទៅងូតទឹកស្រះមុខមុងខ្មោច មិនប្រយ័ត្នក៏បានរអិលជើង លង់ទឹកស្លាប់បាត់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង៤៥នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅវាលមុងកប់ខ្មោច ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សេក ធុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ធ្វើការនៅក្នុងបុរី ឡុង ទិត្យ ទើបមកស្នាក់នៅផ្ទះជួល ជាមួយប្រពន្ធឈ្មោះ ឈៀក ឡា អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រស្បែកជើង នៅបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត ភូមិធ្លក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសាច់ញាតិ បានឲ្យដឹងថា បុរសរងគ្រោះខាងលើ ទើបរៀបការបានជាង១ខែនេះទេ មានប្រពន្ធជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងបុរីសែនមនោរម្យ ហើយជនរងគ្រោះ ក៏នឹងទើបសុំការងារសំណង់បានធ្វើកន្លះខែនេះទេ។ ដោយពេលព្រឹក ជនរងគ្រោះមកធ្វើការងារ បាយទឹកថ្ងៃត្រង់ ជាមួយសាច់ញាតិ ជាកម្មករដូចគ្នា ក្នុងការដ្ឋានសំណង់ក្បែរនោះ ដល់ល្ងាច ជនរងគ្រោះក៏ត្រទ្បប់ទៅផ្ទះជួលវិញ។

ប្រភពដដែលបន្តទៀតថា នៅថ្ងៃនេះ ជនរងគ្រោះ ក្រោយសម្រាកការងារ ហូបបាយថ្ងៃត្រង់រួច បានប្រាប់បងប្អូនថា ទៅងូតទឹកស្រះ នៅចំណុចមុខមុងខ្មោច ព្រោះថា ជនរងគ្រោះពេលទំនេរច្រើន ទៅងូតទឹកទីនោះ លុះដល់វេលាម៉ោង២រសៀលទៅហើយ មិនឃើញជនរងគ្រោះ ចូលធ្វើការងារ ទើបនាំគ្នាដើរស្វែងរក លុះទៅមើលកន្លែង ដែលជនរងគ្រោះធ្លាប់ចុះងូតទឹកលេង ឃើញតែស្បែកជើង ខោអាវ តែមិនឃើញមនុស្ស កើតការសង្ស័យ ទាំងបងប្អូនកម្មករនាំគ្នាចុះរាវ ក្នុងទឹកស្រះជម្រៅលិចក្បាល ស្រាប់តែប្រទះឃើញសពជនរងគ្រោះ ក្នុងទឹកស្រះ បង្កការភ្ញាក់ផ្អើល នាំគ្នាស្រង់ឡើងគោក រាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

សាកសពជនរងគ្រោះ សមត្ថកិច្ចពិនិត្យជាក់ស្តែង បញ្ជាក់ថា ពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងមែន រួចក៏ប្រគល់ជូនក្រុមគ្រួសារ យកទៅតម្កល់ទុកនៅវត្តតាភេម សង្កាត់កំបូល ខណ្ឌកំបូល ជាបណ្តោះអាសន្នសិន ដើម្បីបងប្អូនមូលជុំគ្នា ដឹកយកទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់