ប្រធានាធិបតីប្រេស៊ីល អ្នកស្រី Dilma Rousseff បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍មុនថា រដ្ឋាភិបាលប្រេស៊ីលបានចំណាយលុយយ៉ាងច្រើនសន្ធឹកក្នុងការវិនិយោគទៅលើប្រព័ន្ធដឹកអ្នកដំណើរនៅក្នុងទីក្រុងសៅប៉ូឡូញ សម្រាប់ទទួលស្វាគមន៍ ព្រឹត្តិការណ៍បាល់ទាត់ World Cup 2014 និងព្រឹត្តិការណ៍កីឡាអូឡាំពិក 2016 Olympic Games។
ទីភ្នាក់ងារចិន ស៊ិនហួ បានឲ្យដឹងថា ទឹកប្រាក់ដែលត្រូវវិនិយោគមានចំនួន ២,៤ពាន់លានដុល្លារអាមេរិក សម្រាប់ពង្រីកទៅលើបណ្ដាញរថភ្លើងក្រោមដី និងបណ្ដាញរថភ្លើង និងរថយន្តក្រុងនានានៅក្នុងទីក្រុងសៅប៉ូឡូញ ដោយក្នុងនោះរួមមានខ្សែររថភ្លើងពិសេសមួយដែលតភ្ជាប់ពីទីប្រជុំជនទៅកាន់ព្រលានយន្តហោះអន្តរជាតិ ដែលមានជើងយន្តហោះទៅកាន់ទីក្រុងជិតៗ។
លើសពីនេះទៅទៀតរដ្ឋាភិបាលបាននិយាយថា មានរថភ្លើងប្រមាណ ២០ត្រូវបានដាក់ដំណើរការ និងជួសជុលរួចជាស្រេច។ អ្នកស្រី ប្រធានាធិបតី បានឲ្យដឹងថា ទឹកប្រាក់ដែលផ្ដល់ជួននេះ មិនមែនជារបស់រដ្ឋាភិបាលសុទ្ធនោះទេ ក្នុងនោះមានតែ ៥៩០លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលជារបស់រដ្ឋាភិបាល ចំណែកក្រៅពីនេះ វាជាប្រាក់កម្ចីពីធនាគារ។
អ្នកស្រី Rousseff បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទឹកប្រាក់នេះថា បើសិនជាគ្មានការផ្ដល់ប្រាក់កម្ចីនោះទេ រដ្ឋាភិបាលនឹងមិនអាចសម្រេចបាននូវការអភិវឌ្ឍន៍នេះឡើយ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលនៃប្រទេសប្រេស៊ីលបានចំណាយថវិកាសាធារណៈយ៉ាងច្រើនសន្ធឹកក្នុងការធ្វើកែទម្រង់លើហេដ្ឋារចនាសម្ព័ន្ធក្នុងការដឹកជញ្ជួន ព្រោះថាប្រេស៊ីលជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទាត់ World Cup 2014 និងព្រឹត្តិការណ៍កីឡាអូឡាំពិក 2016 Olympic Games៕
មតិយោបល់