ព័ត៌មានជាតិ

រថយន្តបែនដឹកកម្ទេចថ្ម បើកបុកកុងតឺន័រឆ្លងផ្លូវ រួចបន្តទៅបុកគាបផ្ទប់ស្លាកប៉ាណូ

ភ្នំពេញ: រថយន្តបែនដឹកកម្ទេចថ្មផេះមួយគ្រឿង បើកលឿនជ្រុលទៅបុកពីទទឹង រថយន្តកុងតឺន័រ កំពុងបើកឆ្លងផ្លូវ ហើយបន្តជ្រុលទៅបុកផ្ទប់គាបជាប់នឹងស្លាកប៉ាណូផ្ទះថតរូប បណ្តាលឲ្យបាក់ និងខ្ទេចកាប៊ីន របួសអ្នកបើកបរម្នាក់។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១០ព្រឹក ស្ថិតតាមមហាវិថីឈ្នះ ឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកFREIGHTINER ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A2067 អូសសណ្តោងសឺមីរ៉ឺម៉ក ទូកុងតឺន័រ ពាក់ផ្លាកលេខ តាកែវ 4A-0025 ធ្វើដំណើរតាមផ្លូវបេតុងក្នុងភូមិភ្លូផ្អែម ឡើងឆ្លងមហាវិថីឈ្នះ ឈ្នះ ពីកើតទៅលិច បត់ឆ្លងឆ្ពោះទៅត្បូង ហើយខណ:ដែលកំពុងឆ្លងផ្លូវ ស្រាប់តែរថយន្តបែនកង់៦ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5972 ដឹកកម្ទេចថ្មផេះ បើកល្បឿនលឿន តាមមហាវិថីឈ្នះ ឈ្នះ ពីត្បូងទៅជើង ជ្រុលបុកពីទទឹងកុងតឺន័រ ហើយបន្តជ្រុលទៅបុកគាបផ្ទប់នឹងស្លាកប៉ាណូ របស់ផ្ទះថតរូប យ៊ីហោ សុខ លាង បណ្តាលឲ្យបាក់បង្គោល ខ្ទេចរួញកាប៊ីនរថយន្ត រងរបួសអ្នកបើកបរ ត្រូវបានប្រជាពលរដ្ឋ ជួយគាស់យកជនរងគ្រោះទៅពេទ្យ រីឯរថយន្តកុងតឺន័រ ពេលកើតហេតុភ្លាម បន្តដំណើរទៅមុខភ្លែត បានចម្ងាយ៥០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់បាន នាំយកមកកន្លែងកើតហេតុវិញ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យវាស់វែង រួចយករថយន្តទាំងគ្រឿងទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌរងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់