ភ្នំពេញៈ រថយន្តលុចស៊ីស៤៧០ បុកកង់បីឥណ្ឌាបណ្តាលឲ្យរុលទៅបុករថយន្ត២គ្រឿងថែមទៀត រងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភ្លើងសញ្ញាចរាចណ៍ម្តុំសក្យមុនីចេតិយ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកលុចស៊ីស LX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2A 0788 បើកដោយបុរសម្នាក់ បណ្តាលឲ្យបុកកង់បីឥណ្ឌា ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1HM 6779 ពេលនោះកង់បីឥណ្ឌាបានរុលទៅបុករថយន្តលុចស៊ីស RX ៣០០ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AF 6496 និងរថយន្តមួយគ្រឿងម៉ាក canter ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 2AA 9338 បណ្តាលឲ្យរថយន្តខាងលើ និងកង់បីឥណ្ឌារងការខូចខាតយ៉ាងដំណំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង និងរថយន្តពីរគ្រឿងទៀត ដែលកំពុងឈប់នៅសញ្ញាភ្លើងស្តុបចំណុចកើតហេតុ ពេលនោះស្រាប់តែមានរថយន្តបង្កមួយគ្រឿង បានបើកជ្រុលល្បឿនទៅបុកកង់បីឥណ្ឌា បណ្តាលឲ្យកង់បីនោះរុលទៅបុករថយន្ត២គ្រឿងថែមទៀត ដែលឈប់នៅខាងមុខ រងការខូចខាត កង់បីនិងរថយន្តយ៉ាងដំណំ។
ក្រោយពេលពីកើតហេតុ ភាគីខាងថយន្តបង្កបានសម្រុះសម្រួលគ្នា ដោយចេញថ្លៃជួសជុលឲ្យភាគីដែលរងការខូចខាត ដើម្បីបញ្ចប់រឿង ៕
មតិយោបល់