ព័ត៌មានជាតិ

សង្ស័យភ្លើងប្រចណ្ឌ! ខឹងប្រពន្ធចូលផ្សារយូរពេក វាយប៉ោងក្បាលពីក្រោយផ្អើលទាំងព្រឹក

ភ្នំពេញៈ កណីហិង្សាមួយដែលបណ្តាលឲ្យ ស្ត្រីចំណាស់ម្នាក់រងរបួសប៉ោងក្បាលពីក្រោយ បន្ទាប់ពីលោកប្តី ប្រើប្រាស់មួកសុវត្តិភាពវាយយ៉ាងចាស់ដៃ សង្ស័យភ្លើងប្រច័ណ្ឌ ខឹងព្រោះចូលផ្សាររកទិញម្ហូបយូរពេក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងផ្សារពោធិចិនតុង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនដៃដល់ជាប្តីមានឈ្មោះវ៉ៃ យ៉ាងប៊ិន អាយុ៣២ឆ្នាំ មុខរបរ ដើរទិញអេតចាយ មានទីលំនៅភូមិកោះនរាយណ៍ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ ។ ចំណែកភាគីខាងប្រពន្ធមានឈ្មោះ ង៉ែត សារ៉ាត់ អាយុ ៤២ឆ្នាំ មុខរបរ លក់គ្រឿងក្រអូប រស់នៅជាមួយកូនក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ តែ២ទៅ៣ថ្ងៃទើបបានទៅជួបប្តីនៅភូមិកោះនរាយណ៍ម្តង មានស្រុកកំណើតភូមិឡូរី ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

តាមការៀបរាប់ពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់ជាស្ត្រីម៉េម៉ាយកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ហើយស្គាល់ ស្រឡាញ់គ្នាជាមួយបុរសខាងលើ ជាប្តីប្រពន្ធហេងស៊យ អស់រយៈពេលជាង១ឆ្នាំមកហើយ ដោយលោកប្តីជាអ្នកដើរទិញអេតចាយ គាត់ជាអ្នកលក់គ្រឿងក្រអូប ។ ស្ត្រីដដែលបន្តទៀតថា ការរស់នៅជាប្តីប្រពន្ធ ហាក់ដូចជាពុំសូវចុះសម្រុងគ្នាប៉ុន្មានទេ គាត់មានវ័យចំណាស់ទៅហើយ រីឯលោកប្តីវ័យនៅក្មេង ហើយក៏មិនស្រឡាញ់ ចូលចិត្តកូនៗរបស់គាត់ដែរ គោលបំណងរបស់លោកប្តីចង់ឲ្យផ្តាច់ទំនាក់ទំនងពីកូន ទៅដេករស់នៅតែ២នាក់ប្តី តែរូបគាត់មិនសុខចិត្ត ម្តាយឯណាផ្តាច់មនោសញ្ចេតនា ទំនាក់ទំនងពីកូននោះ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ គាត់បានទៅជួបប្តីនៅឯភូមិនរាយណ៍ ដើម្បីបំពេញបំណងលោកប្តី លុះមកដល់ព្រឹកថ្ងៃទី២១ នេះសុំប្តីវិលមកផ្ទះកូនវិញ ប្តីខឹងមិនព្រមឲ្យមកម្នាក់ឯងទេ សុខចិត្តជិះម៉ូតូ ឌុបគ្នា ធ្វើដំណើរមកដល់ផ្សារពោធិ៍ចិនតុង ចុះចូលផ្សាររកទិញម្ហូប សាច់ជ្រូកផ្ញើរកូន មិនទាន់ទិញបានផង ស្រាប់តែលោកប្តីដើរចូលទៅ ស្រែកឡូរឡាចោទថា ប៉ងគេចខ្លួន ហើយលួចមានប្រុសថ្មីទៅវិញ ចាប់បោចសក់ យកមួកសុវត្តិភាពវាយប៉ោងក្បាលពីក្រោយ ផ្អើលឆោឡោ សមត្ថកិច្ចចុះទៅឃាត់សកម្មភាព បញ្ឈប់ប្រើអំពើហិង្សា ។

បើតាមសម្តីយ៉ាងខ្លីរបស់ភាគីខាងប្តីវិញ បានឲ្យដឹងថា ២ទៅ៣ថ្ងៃ ទើបប្រពន្ធទៅជួបម្តង សង្ស័យតែមានប្រុសថ្មីហើយ ឃាត់ឲ្យនៅជាមួយ ដើររកទិញអេតចាយទាំងអស់គ្នា តែប្រពន្ធមិនព្រម ខឹងមាត់រឹងពេកទើបទ្រាំលែងបាន ។

ជម្លោះប្តីប្រពន្ធហេងស៊យខាងលើ ត្រូវបានសមត្ថកិច្ចនាំទាំង ២នាក់ ទៅធ្វើការអប់រំនៅប៉ុស្តិ៍ ដោយខាងស្រីមិនចង់ឲ្យមានរឿងវែងឆ្ងាយទើបរូបគាត់ជាប្រពន្ធ ថាឈប់ទាក់ទង ផ្តាច់សម្ព័ន្ធស្នេហ៍ជាមួយបុរសដើរទិញអេតចាយនេះទៀតហើយ ធ្វើកិច្ចសន្យាគ្មានប្តឹងផ្តល់ គ្មានអំពើហិង្សាទៀតទេ ហើយដើរចាកចេញទៅផ្ទះរៀងខ្លួន ៕

មតិយោបល់