ភ្នំពេញៈ នៅពេលបច្ចុប្បន្ននេះគេនៅតែសង្កេតឃើញថា នៅតែមានការប្តឹងអ្នកសារព័ត៌មាន ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថជារើយៗ ក្រោយពីអ្នកសារព័ត៌មានបានចុះផ្សាយអំពីភាពអសកម្ម ឬភាពមិនប្រក្រតីនៃការអនុវត្តការងារមួយចំនួនរបស់បុគ្គលជាមន្ត្រីសាធារណៈរបស់រដ្ឋ ឬបុគ្គលឯកជន ឬស្ថាប័ន ណាមួយជាដើម។
តើការចុះផ្សាយអំពីភាពអសកម្ម ឬភាពមិនប្រក្រតីនៃការអនុវត្តការងាររបស់របស់មន្ត្រីសាធារណៈរបស់រដ្ឋ ឬបុគ្គលឯកជន ណាម្នាក់ ឬស្ថាប័នណាមួយ ពីសំណាក់អ្នកសារព័ត៌មាននោះ អ្នកសារព័ត៌មាននឹងត្រូវទទួលខុសត្រូវ និងមានទោសទណ្ឌយ៉ាងណា ប្រសិនបើ មានការប្តឹងពីបទ បរិហារកេរ្តិ៍ និងជេរប្រមាថ ហើយតុលាការរកឃើញថា អ្នកសារព័ត៌មានពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន?
បើយោងតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ បានចែងថា យ៉ាងច្បាស់អំពីនិយមន័យ និងទោសទណ្ឌដែលត្រូវទទួល នៃបទបរិហារកេរ្តិ៍ជាសាធារណៈ ៖
គ្រប់ការពោលអះអាងបំផ្លើស ឬការទំលាក់កំហុកដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាក់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬស្ថាប័ន គឺជាការបរិហារកេរ្តិ៍។
ត្រូវពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀលទៅ ១០,០០០,០០០ (ដប់លាន) រៀល បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយដូចតទៅ៖
១. តាមសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
២. តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល។
៣. តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។
យោងតាមមាត្រា៣០៦ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទបរិហារកេរ្តិ៍តាមសារព័ត៌មាន៖ ការបរិហារកេរ្តិ័ដែលប្រព្រឹត្តតាមសារព័ត៌មាន ត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។
ដោយឡែកមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ក៏បានចែងយ៉ាងច្បាស់ផងដែរអំពី និយមន័យ និងទោសទណ្ឌដែលត្រូវទទួល នៃបទជេរប្រមាថជាសាធារណៈ ៖
គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានទំលាក់កំហុកទៅលើអំពើណាមួយ គឺជាការប្រមាថ។
ត្រូវពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀល បទជេរប្រមាថដែលប្រព្រឹត្តតាមមធ្យោបាយណាមួយដូចតទៅ៖
១. តាមពាក្យសំដីទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
២. តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល។
៣. តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។
យោងតាមមាត្រា៣០៨ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទជេរប្រមាថតាមសារព័ត៌មាន៖ ការជេរប្រមាថដែលប្រព្រឹត្តតាមសារព័ត៌មាន ត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។
តើច្បាប់ស្តីពីរបបសារព័ត៌មានបានចែងអំពីទោសទណ្ឌកម្រិតណាចំពោះបទបរិហារកេរ្តិ៍ និងជេរប្រមាថតាមសារព័ត៌មាន?
មាត្រា ១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន បានចែងយ៉ាងច្បាស់ថា៖
ជនណាម្នាក់ដែលយល់ថា អត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ រូបថតណាមួយដែលមានលក្ខណៈខុសពីការពិត ធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឲ្យសារព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយតប និងធ្វើបណ្តឹងពីបទបរិហារកេរ្តិ៍ ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ ចម្លើយកែតម្រូវ ឬចម្លើយតបត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថ្ងៃ (៧ថ្ងៃ) យ៉ាងយូរ ឬនៅលេខបន្ទាប់ក្រោយពីបានទទួលការទាមទារឲ្យកែតម្រូវ ឬឆ្លើយតប។
ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុកដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណង់បំផ្លាញបុគ្គលសាធារណៈនោះ គឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។
បើតុលាការរកឃើញថា ការផ្សាយណាមានលក្ខណៈខុសពីការពិត តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការអាចបង្គាប់ឲ្យសារព័ត៌មាននោះ៖
– ចុះផ្សាយនូវការតម្រូវ ឬ
– សងជំងឺចិត្ត ឬ
– ចុះផ្សាយនៅកែតម្រូវផង និងបង់ប្រាក់សងជំងឺចិត្តផង។
អត្ថបទកែតម្រូវដែលអ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សាយនៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នានឹងអត្ថបទដែលបានចាត់ទុកថា ជាអត្ថបទដែលធ្វើឲ្យខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គេ។
លើសពីនេះតុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (១,០០០,០០០រៀល) ទៅប្រាំលានរៀល (៥,០០០,០០០រៀល) ទៀតក៏បាន។
ម្យ៉ាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកឋាខ័ណ្ឌខាងលើ តុលាការអាចបញ្ជាឲ្យបិទផ្សាយសេចក្តីសម្រេចរបស់ខ្លួននៅទីកន្លែងទាំងឡាយដែលតុលាការនឹងបញ្ជាក់ ដោយឲ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយសាលក្រមនេះក្នុងសារព័ត៌មួយ ឬច្រើន និងឲ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយទាំងអស់ដោយកម្រិតត្រឹម មួយលានរៀល (១,០០០,០០០ រៀល) យ៉ាងច្រើនបំផុត។
បើទោះជាច្បាប់ជាច្រើនមាត្រាបាន បញ្ជាក់ពីចំណាត់ការរបស់តុលាការមកលើអ្នកសារព័ត៌មាន យ៉ាងណាក៏ដោយចុះ ការអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន ជារនាំងការពារដ៏មានប្រសិទ្ធភាព និងជាអាវក្រោះដ៏រឹងមាំបំផុត ដែលអាចជួយអ្នកសារព័ត៌មានឲ្យរួចផុតពីការប្រឈមមុខនឹងការប្តឹងផ្តល់ និងការដាក់ទោសទណ្ឌបាន៕
មតិយោបល់