ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ២០ខែកក្កដាឆ្នាំ២០២០ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុកភ្នំក្រវាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សួន គឹមអេង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្ដឹងពីបទប៉ុនប៉ងមនុស្សឃាត កាលពីថ្ងៃទី ១៩.០៧.២០២០ វេលាម៉ោង ១១និង ០០នាទីថ្ងៃ នៅចំណុចវាលនិន្ទ្រា ស្ថិតនៅភូមិអង្គ្រងឃុំសំរោង ស្រុកភ្នំក្រវាញ បង្កឡើងដោយជនសង្ស័យ ឈ្មោះ អ៊ុក អំណត់ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) អាយុ២៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
តាមការរៀបរាប់របស់បងស្រីជនរងគ្រោះបានឲ្យដឹងថា រយ:កាលកន្លងមកជនសង្ស័យដែលត្រូវជាកូនបង្កើតរបស់ខ្លួន តែងតែប្រើអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះមានដូចជា៖ បោកពិលចោល ទាត់ធុងប៉េត្រូ និងយកទុយយោប៊ូមទឹកចោល ព្រមទាំងលួចទ្រព្យសម្បត្តិមានតម្លៃដូចជា ឈើ តុទឹកតែធ្វើអំពីឈើធ្នង់ចំនួន០១ និងយកម៉ូតូទៅដាក់បញ្ចាំអស់ចំនួន០២គ្រឿង ម៉ាកឌ្រីមC125 ស៊េរីឆ្នាំ២០១៥ ចំនួន ០១គ្រឿង និងម៉ាកយ៉ាមូហាចំនួន០១គ្រឿង ព្រមទាំងម៉ាស៊ីនឈូសឈើចំនួន០១គ្រឿង ដោយយកប្រាក់ទាំងនោះទៅប្រើប្រាស់សារធាតុញៀន ហើយតែងតែនិយាយគំរាមថា ក្រោយពីធ្វើបុណ្យសពមួយរយថ្ងៃឪពុករួច នឹងដាក់ថ្នាំសម្លាប់សមាជិកក្នុងគ្រួសារចោលទាំងអស់ ។ លុះមកដល់ថ្ងៃកើតហេតុខាងលើជនសង្ស័យបានទាស់ពាក្យសម្ដីជាមួយជនរងគ្រោះ ហើយក៏យកពូថៅទៅកាប់ដើមដូងចោលអស់មួយដើម បន្ទាប់មកជនសង្ស័យបានកាន់ពូថៅនោះដើរចុះឡើងៗ ពីមុខជនរងគ្រោះ រួចនិយាយគំរាមថា នឹងសម្លាប់ចោល ។ ឮដូចនេះជនរងគ្រោះភ័យខ្លាំងពេកក៏ទៅប្ដឹងសមត្ថកិច្ចនគរបាលតែម្ដងដើម្បីជួយអន្តរាគមន៍ ។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុកបានចុះឃាត់ខ្លួន និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ហើយជាលទ្ធផលគឺវិជ្ជមាន មានសារធាតុញៀននៅក្នុងទឹកនោម ។ លោកអធិការបានបន្តថា វត្ថុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យឈ្មោះ អ៊ុក អំណត់ ដែលយកទៅធ្វើសកម្មភាពបទល្មើសគឺ ពូថៅចំនួន០១ ប្រវែង៤តឹក ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីចាត់ការទៅតាមនីតិវិធី ៕
មតិយោបល់