ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ស្រ្តីជនជាតិវៀតណាមម្នាក់ យកខ្សែកកាឡៃ ទៅដូរយកបន្តោងខ្សែកមាសសុទ្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី មានករណីឆបោក នៅត្រង់ចំណុចផ្សារសាមគ្គីក្រគរ ស្ថិតក្នុងភូមិអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បង្កឡើងដោយជនសង្ស័យឈ្មោះ ង្វៀង ធីទៀង ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ជនសង្ស័យបានមកពីខេត្តសៀមរាប ស្នាក់នៅផ្ទះបណ្ដែតទឹក នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡេង គឹមហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង៣០នាទី បានបញ្ជាក់ថា ខ្លួនកំពុងអង្គុយលក់មាសនិងដូរលុយ នៅក្នុងតូបផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់ ។ មានជនសង្ស័យឈ្មោះ ង្វៀង ធីទៀង បានយកមាសកាឡៃ មកដូរនឹងខ្សែករបស់ខ្លួនទម្ងន់១តម្លឹងមាសសុទ្ធ ហើយឱ្យខ្លួនយកបន្តោងខ្សែកចំនួន២ជី ហើយខ្លួនបានសួរទៅវិញថាយកបន្តោងរូបអីគេ គាត់មិនឆ្លើយទេ ពេលនោះខ្លួនក៏យកខ្សែកដែលគាត់ដូរដាក់ក្នុងប្រអប់មាស ហើយកាន់ទៅមានទម្ងន់ស្រាលហើយឃើញពណ៌មិនប្រក្រតី ខ្លួនក៏ចាប់កអាវស្រីម្នាក់នេះរួចហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកក្រគរ ឲ្យជួយអន្តរាគមន៍ទាន់ពេលវេលា និងនាំខ្លួនជនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង១៤និង២៩នាទី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់