ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ត្រូវបានម្តាយបង្កើតដើរមកពីទិញបបរ ប្រទះឃើញដេកស្លាប់ក្នុងប្រឡាយទឹកមុខផ្ទះរបស់ខ្លួន ឧបទ្ទវហេតុនេះកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង ៧ និង៣០នាទី នៅចំណុចប្រឡាយទឹកខាងមុខផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អ៊ំស្រី អ៊ុក សុផាត ត្រូវជាម្តាយ គាត់មានកូនប្រុសស្រីចំនួន៦នាក់ ជនរងគ្រោះឈ្មោះ ញ៉ែម ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាកូនទី៥។ អ៊ំស្រីបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះញ៉ែម ពៅ បានប្រកាច់ចំនួន៣ដងក្នុង១ថ្ងៃ ក្រុមគ្រួសារជួយទាន់ក៏ផុតពីការស្លាប់ទៅរហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី ដែលជាថ្ងៃកើតហេតុគាត់ជាម្តាយបានដើរទៅទិញបបរឲ្យកូនប្រុសជាជនរងគ្រោះហូបនៅពេលត្រឡប់មកដល់មុខផ្ទះវិញ ខណ:នោះបានប្រទះឃើញកូនដួល នៅក្នុងប្រឡាយទឹកមុខផ្ទះចំងាយ៤០ម៉ែត្រផ្កាប់មុខក្នុងទឹក គាត់ក៏ទៅលើកកូនប្រុសមើលឃើញថា ដាច់ខ្យល់ស្លាប់នៅ កន្លែងកើតហេតុហើយក៏ស្រែកឆោរឡោរឲ្យអ្នកស្រុកជួយ។
អ៊ំស្រីបានរៀបរាប់បន្តថាដោយសារជនរងគ្រោះឧហ្សាហ៍ប្រកាច់គាត់មិនហ៊ានប្រហែសទុកឲ្យកូននៅតែឯងនោះទេ តែចៃដន្យអាក្រក់គាត់គ្រាន់តែដើរទៅទិញបបរតែមួយភ្លែត ក៏ស្រាប់មានរឿងនេះកើតឡើង គាត់ក៍ផ្តល់ព័ត៌មានទៅសមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង។
សមត្ដកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ស្តាប់ការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះគាត់បានអះអាងថា កូនប្រុសរបស់គាត់ពិតជា មានជំងឺស្កន់ជ្រូកតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរបស់គាត់បានប្រកាច់ចំនួន៣ដងមកហើយ។ ដោយសារការអះអាងនិងការពិនិត្យយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយករណីមានជំងឺស្កន់ជ្រូកពិតមែនព្រោះថាទឹកប្រឡាយមិនជាជ្រៅនោះឡើយ សាកសពជនរងគ្រោះបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់