ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! បុរសម្នាក់បញ្ឆេះម៉ូតូជិះ ស្រាប់តែឆ្លងភ្លើង បណ្តាលឲ្យឆាបឆេះ បង្កជាអគ្គិភ័យ

ភ្នំពេញ: ម៉ូតូសេ១២៥មួយគ្រឿង ខណ:ដែលម្ចាស់ជិះចូលទៅចាក់សាំងរួចរាល់ហើយ ចាប់ផ្តើមបញ្ឆេះ បែរជាឆ្លងភ្លើង ឆាបឆេះខ្មួល បង្កឲ្យភ័យស្លន់ស្លោពលរដ្ឋ កម្មករនាំគ្នារុញទៅកៀនខាង ជួយពន្លត់ ទើបមិនរាលដាលទៅស្ថានីយប្រេង ខូចខាតតែម៉ូតូ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងឥន្ទន: តេលា តាមផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ម៉ូតូជួបបញ្ហាខាងលើម៉ាក ហុងដា សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1393 ត្រូវបានភ្លើងឆេះរោលខ្លោចបាត់ទៅហើយ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងខាងលើ ចូលទៅចាក់សាំង នៅស្ថានីយប្រេងតេលា រួចរាល់ហើយ បិទគម្រប ចាប់ផ្តើមបញ្ឆេះ ដើម្បីជិះចេញ តែបែរជាឆ្លងភ្លើង ទើបបង្កឲ្យឆាបឆេះ ភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋ កម្មករលក់ប្រេងនាំគ្នាជួយរុញទៅកៀនខាង ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ យកមកបាញ់អស់ជាច្រើនបំពង់ទើបភ្លើងរលត់ទៅវិញ បណ្តាលឲ្យម៉ូតូរងការខូចខាត ភ្លើងឆេះឡើងខ្លោច ដូចត្រីអាំងបាត់ទៅហើយ តែមិនឆេះរាលដល់ស្ថានីយប្រេង ហើយក៏មិនបណ្តាលឲ្យអ្នកណារងរបួសដែរ ដោយសារបងប្អូនប្រជាពលរដ្ឋជួយគ្នាគ្រាដែលមានអាសន្ន បានជួយពន្លត់ទាន់ពេលវេលា ។

ក្រោយកើតហេតុ ម្ចាស់ម៉ូតូ បានត្រឹមរុញអូសយកម៉ូតូវិលត្រឡប់ទៅផ្ទះវិញ ទោះជាយកទៅឲ្យជាងជួសជុលក៏អស់តម្លៃប្រហាក់ប្រហែលស្នើនឹងទិញម៉ូតូមួយគ្រឿងដដែល កាលបើភ្លើងឆេះរោលខ្លោចទៅហើយ ៕

មតិយោបល់