ព័ត៌មានជាតិ

Update៖ មិនដល់មួយម៉ោងផង មានបុរស២នាក់ ប៉ងលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ

ភ្នំពេញ: បុរស២នាក់ ទំនងជាមានបញ្ហាដោះស្រាយមិនចេញ បានគិតខ្លីប៉ងមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេចទេ ដោយត្រូវប៉ូលិសចរាចរណ៍ ដែលប្រចាំការគោលដៅខាងលិចស្ពាន រត់មកជួយឃាត់ទាន់ពេលវេលា។

ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង ១៣និង ៣០នាទីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុចពាក់កណ្តាលស្ពានជ្រោយចង្វារចាស់ ព្រំប្រទល់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ជ្រោយ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់លើស្ពាន បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញបុរសម្នាក់ អត់ពាក់អាវ ស្លៀកខោជើងវែង និងពាក់ស្បែកជើងប៉ាត់តា បានដើរឡើងលើស្ពានជ្រោយចង្វារ ពីលិចមកកើត។ លុះដល់ពាក់កណ្ដាលស្ពាន បុរសនោះ បានឈរតោងបង្កាន់ដៃស្ពាន ដោយមានទឹកមុខស្រពាប់ប្រពោន ប្រហែលមានបញ្ហាអ្វីមួយ ហើយព្យាយាមប៉ងលោតទឹកសម្លាប់ខ្លួន នៅចំហៀងបង្កាន់ដៃស្ពានខាងត្បូង ដោយគាត់ឈរសំឡឹងទៅមើលទឹកទន្លេ។

ប្រភពព័ត៌មានបន្តទៀតថា ខណ:នោះដែរ គេឃើញប៉ូលិសចរាចរណ៍រាជធានីភ្នំពេញចំនួន ២នាក់ បានរត់ មកពីក្រោយធ្វើការឃាត់បុរសខាងលើ ទាន់ពេលវេលា និងលួងលោមឱ្យគាត់ឈប់គិតខ្លីដូច្នេះតទៅទៀត។

ប្រភពព័ត៌មាន បានបន្តទៀតថា ខណ:ពេលដែលបុរសទី១ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសចរាចរណ៍ រួមទាំងប្រជាការពារខណ្ឌដូនពេញ ឃាត់ទាន់ពេលវេលាហើយនោះ ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ធ្វើដំណើរពីកើតមកលិច ក្នុងទិសដៅបញ្ច្រាសស្ពានជ្រោយចង្វារ មកឈប់ត្រង់កន្លែងក្បែរ បុរសទី១ ប៉ងលោតសម្លាប់ខ្លួន បន្ទាប់មកក៏ឈប់ ប៉ុនប៉ងសម្លាប់ខ្លួនដូចគ្នាដែរ តែត្រូវបានមន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ ឃាត់ទាន់ពេលដូចគ្នា។

មូលហេតុនាំឲ្យបុរសទី២ ធ្វើបែបនេះ ដោយសារមានស្នេហាជាមួយនារីម្នាក់ ហើយថែមទាន់មានកូន ក្នុងផ្ទៃមួយខែទៀត តែត្រូវបានម្ដាយឪពុកខ្លួន មិនពេញចិត្ត និងមិនព្រមទទួលរូបនាងធ្វើជាកូនប្រសា ដោយសារនាងជាបុគ្គលិកបម្រើការក្នុងភោជនីដ្ឋាននាពេលរាត្រី ទើបធ្វើឲ្យខ្លួនខូចចិត្ត ក៏ជិះម៉ូតូពីខណ្ឌដង្កោ ប៉ងមកលោតទឹកសម្លាប់ខ្លួន៕

មតិយោបល់