ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ជនជាតិវៀតណាម២នាក់ លួចលុយ ក្នុងផ្ទះសំណាក់

ភំ្នពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ វេលាម៉ោង០០និង៣០នាទី នៅចំណុចផ្លូវ90 កែងព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីមានពាក្យ បណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ PHAN VANDAT ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម បានប្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្រះចក ដោយនៅក្នុងនោះ បានបាត់បង់លុយចំនួន ២០០០$ អត្តសញ្ញាណប័ណ្ណវៀតណាម០១សន្លឹក និងកាតធនាគារចំនួន០១សន្លឹក ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុ ធ្វើការទំនាក់ទំនងម្ចាស់ផ្ទះសំណាក់ ដើម្បីឆែកកាមេរ៉ាសុវត្ថិភាព ឈានដល់ស្គាល់អត្តសញ្ញាណ ជនសង្ស័យ សមត្ថកិច្ច ក៏បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ អៀងមួយ ភេទស្រី អាយុ២៩ឆ្នាំ នឹងបានបន្ត ស្រាវជ្រាវតាមយកបក្ខពួកម្នាក់ទៀត ឈ្មោះ យិន លីលី ហៅយួន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ដោយធ្វើការបង្ក្រាបនិង ឃាត់ខ្លួនបាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០០ និង៣០នាទី នៅចំណុចផ្លូវ90 កែងព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទីរសៀល នៅ ចំណុចក្នុង ផ្ទះសំណាក់យីហោ មហាសម្បត្តិ ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក បង្កឡើងដោយជនសង្ស័យចំនួន២នាក់ ។

នៅចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ បាននឹងកំពុងសួរចម្លើយពីសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក និងកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី ៕

មតិយោបល់