កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៣ និង៥០នាទីជិតភ្លឺ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចភូមិចាស់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧-៣៨ លើផ្លូវលេខ៥៣ ក្រាលកៅស៊ូ ស្ថិតក្នុងភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានកើតករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនឹងគោយន្តកន្ត្រៃ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស។
រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-0905 (ប្រភេទរថយន្តប៉ែនដឹកដី) បើកបរដោយឈ្មោះ វង់ វាសនា ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើដំណើរពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ បានបុកជាមួយគោយន្តម៉ាក KUBOTA ពណ៌ក្រហម ដែលមានសណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ទាត់ សីហា អាយុ ២៩ ឆ្នាំ រស់នៅស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរចំនួន ០៦ នាក់។
ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នករួមដំណើលើគោយន្ត ស្លាប់ ០២ នាក់ (ស្រី) ៖ ១/ឈ្មោះ យី ណុក ភេទស្រី អាយុ ២០ ឆ្នាំ រស់នៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស (ប្រពន្ធរបស់អ្នកបើកបរ) និង២/ឈ្មោះ អឿន ម៉ាច ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា និងរងរបួសធ្ងន់ចំនួន ០៥ នាក់(ស្រី០៤ នាក់) និងអ្នកបើកគោយន្តម្នាក់ ត្រូវបានបងប្អូនដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ធ្វើការឃាត់ខ្លួនអ្នកបើករថយន្តបង្ក ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់