ព័ត៌មានជាតិ

២ករណីផ្សេងគ្នា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ និងករណីមនុស្សឆក់ខ្សែភ្លើង បណ្តាលឱ្យស្លាប់មនុស្ស២នាក់ នៅខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ទាំងពីរករណីខាងលើនេះ ករណីទី១ នៅវេលាម៉ោង១០និង៣០នាទី នៅចំណុចស្ទឹងសែន បណ្តាលឲ្យមនុស្សលង់ទឹកស្លាប់ម្នាក់បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ ខ្លូត ភាន់ ភេទប្រុស អាយុ៤០ឆ្នាំ ។ មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រា ចុះងូតទឹកស្ទឹង បណ្តាលឱ្យលង់ស្លាប់ ។

ដោយឡែកករណីទី២ ខ្សែភ្លើងឆក់មនុស្សម្នាក់ បណ្តាលឲ្យស្លាប់ វេលាម៉ោង០៧និង៣០នាទី ស្ថិតនៅបរិវេណវត្តដា ភូមិដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ គឹម ចាន់មាន ភេទប្រុស អាយុ៣៨ឆ្នាំ ។ មូលហេតុ៖ ឆ្លងចរន្តម៉ូទ័រ (ជនរងគ្រោះជាជាងធ្វើបន្ទប់ទឹក) ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងខាងលើ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ទាំងពីរនាក់ ទៅឲ្យក្រុមគ្រួសារ យកសពធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់