ព័ត៌មានជាតិ

ស្រ្តីចំណាស់អ្នកលក់ដូរម្នាក់ ត្រូវចោរទះក្បាល ២ដៃ ឆក់កាបូបលុយទៅបាត់

ប៉ៃលិន: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង១១ និង៣០ នាទីថ្ងៃច័ន្ទ ០៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មានករណីលួច (ឆក់កាបូបលុយ)មួយករណី ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យបាត់កាបូប០១ ក្នុងកាបូបនោះរួមមានលុយខ្មែរចំនួន៤១៥,០០០រៀល(សែសិបមួយម៉ឺនប្រាំពាន់រៀល)​ កាតទូរស័ព្ទចំនួន២៥សន្លឹក ស្មើនិង១៥០,០០០រៀល (ដប់ប្រាំម៉ឺនរៀល) ។

ជនរងគ្រោះឈ្មោះ គីម សុខផល ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

អំពីរឿងហេតុ​ មុនពេលកើតហេតុជនរងគ្រោះកំពុងលក់ឥវ៉ាន់ចាប់ហួយនៅក្នុងផ្ទះស្រាប់តែ មានជនសង្ស័យចំនួន ០២នាក់ ប្រុស ០២នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាក ហុងដាឌ្រីម មកឈប់ធ្វើជាទិញទឹកខារ៉ាបាវ មានម្នាក់នៅចាំលើម៉ូតូ និងម្នាក់ទៀត ចុះមកទិញហើយបានទះជនរងគ្រោះចំនួន ០២ដៃចំក្បាលបណ្តាលឲ្យរបួសស្រាល រួចឆក់កាបូបរបស់ជនរងគ្រោះយកចេញទៅបាត់តែម្តង។

ក្រោយពីកើតហេតុកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះពិនិត្យទីតាំងកើតហេតុ សាកសួរព័ត៌មានជុំវិញកន្លែងកើតហេតុ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យបន្ត៕

មតិយោបល់