ព័ត៌មានជាតិ

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចដាក់វិន័យកងកម្លាំងនគរបាលខេត្តព្រៃវែង ៧នាក់ ដែលបានប្រព្រឹត្តខុសពី…

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង០៧នាក់ ដែលបានប្រព្រឹត្តខុសពីក្រមសីលធម៌ វិជ្ជាជីវៈ និងវិន័យកងកម្លាំងនគរបាលជាតិ ដោយផ្អាកការងារបណ្តោះអាសន្ន តាមសេចក្តីសម្រេចលេខ ៤៩០សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ពាក់ព័ន្ធនឹងការសម្រេចដាក់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយសារតែមន្ត្រីទាំង០៧នាក់នោះ បានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវ: និងវិន័យរបស់កងកម្លាំងនគរបាលជាតិ និងបង្កឲ្យមានរបួសស្នាមដល់ជនសង្ស័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បញ្ជាក់បន្ថែមថា: ការដាក់វិន័យដោយផ្អាកការងារបណ្ដោះអាសន្ននេះ គឺគ្រាន់តែជាជំហានទី១ប៉ុណ្ណោះ ឯកឧត្តម បានបញ្ជាឲ្យនាយកដ្ឋានបុគ្គលិកធ្វើការស្រាវជ្រាវ និងស៊ើបបញ្ជាក់បន្តដើម្បីឈានទៅដល់ការដាក់វិន័យតាមទម្ងន់ទោស ឬក៏អាចឈានដល់អនុវត្តនីតិវិធីច្បាប់តែម្តង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕

មតិយោបល់