បាត់ដំបងៈ ដោយអនុវត្តន៍ តាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌនិង លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣៧នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស ( វាយប្លន់យកម៉ូតូ ) មួយករណី ។
នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២នាក់៖ ទី១-ឈ្មោះ សំ សុខុម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ ទី២-ឈ្មោះ សែម សុចាន់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង០២នាក់ខាងលើ បានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះ ឈ្មោះ សាយ សុវឌ្ឍនា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសបែកក្បាល( ធ្ងន់ ) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអាហារដ្ឋានជួបគ្នាម្តងទៀត ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួច ក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខបាត់ដំបង 1T 1427 ( ជាម៉ូតូរបស់ជនរងគ្រោះ )
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់