ភ្នំពេញៈ ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាព ឆក់ខ្សែ.កមួយខ្សែ បានសម្រេចពីស្ត្រីម្តាយកូន កំពុងឌុបគ្នា តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥ និង៣០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចមុខសាលាអន្តរជាតិ ចាំងហ្គល ផ្លូវ៥៩៨ ក្រុម ២ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ច ឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ មុត សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្រុមទី៦ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ជាអ្នកបើកបរម៉ូតូ (មានសារធាតុញៀន)។ ជនសង្ស័យទី២.ឈ្មោះ ហេង ឡុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លាងម៉ូតូ ស្នាក់នៅផ្ទះជួលផ្លូវk5 ភូមិចុងខ្សាច់ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ជាអ្នកធ្វើសកម្មភាពឆក់ខ្សែក (មានសារធាតុញៀន)។
ជនរងគ្រោះ ឈ្មោះ គង់ ស៊ុនណារី ភេទស្រីអាយុ៧០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៨៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
វត្ថុតាងដកហូតរួមមាន
១/ខ្សែកផ្លាកទីនទំងន់២ជី (បានប្រគល់ជូនជនរងគ្រោះវិញ)។
២/ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៣ ផ្លាកលេខ ភ្នំពេញ 1FI-5892 (ជាម៉ូតូជិះធ្វើសកម្មភាព)។
ដំណើររឿង៖ នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះ ជិះរ៉ឺម៉កដឹអីវ៉ាន់ ដែលកូនប្រុសជាអ្នកបើក ចេញពីផ្សារអូឫស្សីទៅផ្ទះនៅសង្កាត់ច្រាំងចំរេះទី១។ លុះធ្វើដំណើរមកតាមបណ្តោយផ្លូវ៥៩៨ ក៏លេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមកក្បែរជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះ បានសម្រេច ហើយបើកម៉ូតូគេច ដោយបត់ចូលតាមផ្លូវ ១៨០០។ ពេលនោះជនរងគ្រោះ បានស្រែកឆោឡោ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋតាមផ្លូវ ជួយជិះម៉ូតូដេញតាមជនសង្ស័យ គាប់ជួនក៏ជួបកម្លាំងល្បាត ស្ទាក់ចាប់ជនសង្ស័យទាំងពីរនាក់បានតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌសាកសួ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់