ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ លួចម៉ូតូពេទ្យធ្មេញ ត្រូវម្ចាស់មកទាន់ ចាប់ក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿង ហើយត្រូវ ម្ចាស់ឃើញទាន់ ចេញមកស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋដេញតាមចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅមុខផ្ទះពេទ្យធ្មេញ ផ្លូវបេតុង១៩៦ ក្រុម១ ភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ អ៊ុ ចាន់ធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ ជនរងគ្រោះឈ្មោះ កង មាស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះកើតហេតុហេតុ ។ ចំណែកម៉ូតូដែលជនសង្ស័យ ប៉ងលួច ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-3045 ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូគាត់ចតទុកមុខផ្ទះ ដោយភ្លេចដកកូនសោចេញ តែបានចាក់សោបូមមុខ ហើយរវល់តែធ្វើធ្មេញឲ្យភ្ញៀវ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យរូបនេះ បានមកធ្វើសកម្មភាពលួច ដោយឡើងជិះបញ្ឆេះបម្រុងគេចខ្លួន ជាសំណាងល្អ ម៉ូតូបានជាប់សោបូមមុខ ក្រឡេកមើលឃើញទាន់ ស្រែកឆោឡោ ពលរដ្ឋដេញតាមចាប់ខ្លួនបានភ្លាមៗ រួចប្រគល់ឲ្យប៉ូលិស ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នគរបាលឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញ រីឯម៉ូតូសមត្ថកិច្ច បានប្រគល់ជូនទៅម្ចាស់ដើមវិញ៕

មតិយោបល់