ព័ត៌មានជាតិ

ឪពុកម្តាយហាមកូន មិនឲ្យប្រើប្រាស់នូវសារធាតុញៀន ស្រាប់តែកូនយកដែកកេះដុតផ្ទះ បណ្តាលឲ្យឆេះខ្ទេចមួយខ្នង

បន្ទាយមានជ័យៈ នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ មានករណីកូនប្រុសម្នាក់ ខឹងឪពុករបស់ខ្លួនវាយប្រដៅ ឲ្យឈប់ប្រើប្រាស់នូវសារធាតុញៀន បានយកដែកកេះ ដុតផ្ទះបណ្តាលឲ្យឆេះខ្ទេចមួយខ្នង ស្ថិតនៅក្នុងភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ស្រឹម វុទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាឪពុក ។ ចំណែកជនបង្កឈ្មោះ ស្រឹម រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាកូន ។ ផ្ទះដែលត្រូវភ្លើងឆេះនេះ ធ្វើអំពីឈើ ប្រក់ស័ង្កសី ថ្មក្រោម មានទំហំ៧x៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ដើមហេតុដែលបណ្តាលឲ្យកើតអគ្គិភ័យឆេះផ្ទះខាងលើនេះ គឺដោយសារកូនប្រុសម្ចាស់ផ្ទះបានប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត ហើយនៅពេលដែល ឪពុកម្តាយទូន្មានប្រៀបប្រដៅ កុំឲ្យកូនប្រើប្រាស់សារធាតុញៀននោះ កូនមិនស្តាប់ទេ ស្រាប់តែខឹងហើយបានវាយថែមទៀត ហើយកូនបានឡើងទៅលើផ្ទះយកដែកកេះដុតពូក បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះតែម្តង ។

ករណីខាងលើនេះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តរបស់អធិការដ្ឋានស្រុកមង្គលបូរី រួមទាំងកម្លាំងនគរបាលជាច្រើននាក់ ជួយពន្លត់ មិនឲ្យភ្លើងឆេះរាលដាលបន្តទៀត។ចំណែកជនបង្កបានរត់គេចខ្លួនបាត់ កម្លាំងនគរបាលតាមចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់