ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់បានដេកស្លាប់សង្ស័យបណ្ដាលមកពីខ្យល់គ និងត្រូវបានស្រ្តីជាប្រពន្ធប្រទះឃើញស្រែកឆោរឡោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បុរសនោះឈ្មោះ អ៊ាន ភាក់ អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ យាន ឃន់ អាយុ ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ និងមានទីលំនៅផ្ទះលេខ៣ ក្រុម១ ភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ស្រ្តីជាប្រពន្ធបាននិយាយថា នៅវេលាល្ងាចថ្ងៃទី៣០ ខែកក្កដា ក្រោយពីត្រឡប់មកពីធ្វើការងារវិញប្ដីគាត់បានផឹកស៊ីជុំគ្នាជាមួយបងប្អូន និងមិត្តភក្ដិរួមការងារអស់ស្រា ១លីត្រ រួចហើយហូបបាយអស់ ២ចាន។ បន្ទាប់មកទើបគាត់ចូលដេកជាមួយគាត់ធម្មតាហើយគាត់មិនបានដឹងថា ប្ដីស្លាប់នោះទេ លុះព្រឹកឡើងដាស់ឲ្យក្រោកទៅធ្វើការ ស្រាប់តែប្រទះឃើញស្លាប់បែបនេះបាត់ទៅហើយ ដោយមិនដឹងថា ស្លាប់តាំងពីពេលណានោះឡើយ។ បន្ទាប់មកគាត់បាន រាយការណ៍ជូននគរបាលប៉ុស្តិ៍ស្នោរ ឲ្យចុះទៅពិនិត្យមើល ហើយនគរបាលសង្ស័យថា ប្ដីគាត់ស្លាប់ដោយខ្យល់គ ចំពោះករណីនេះគាត់អត់ប្ដឹងផ្ដល់អីទេគឺសម្រេចសុំយកសពទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕
មតិយោបល់