ព័ត៌មានជាតិ

បុរសមានជំងឺម្នាក់ ប្រកាន់នៅផ្លូវដែក ត្រូវរថភ្លើងកិនដាច់ដៃនិងជើង បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញៈ យុវជនម្នាក់ខណៈដែលមានជំងឺឆ្កួតជ្រូក ដើរចេញពីផ្ទះទាំងកណ្តាលយប់អធ្រាត្រ បែរជាជំងឺរើធ្វើទុក្ខ ប្រកាច់តាមផ្លូវដែក គាប់ជួនជាអកុសល ត្រូវបានរថភ្លើងបើកមកបុកកិនបណ្តាលឲ្យដាច់ដៃ ជើង រងរបួសធ្ងន់ ហើយបានស្លាប់នៅពេលដែលរថយន្តគ្លីនិកឯកជនរស្មីដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ កាលពីវេលាម៉ោង៣និង១៥ទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវដែក ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ អ៊ុន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ ជាមនុស្សមានជំងឺប្រចាំកាយ ឆ្កួតជ្រូក មានសតិមិនប្រក្រតី មានបងប្អូនប្រុស-ស្រីចំនួន៣នាក់ ប្រុសម្នាក់ ជនរងគ្រោះជាកូនទី២ រស់នៅក្នុងបន្ទុកគ្រួសារ ស្ថានភាពក្រីក្រ ម្តាយឈ្មោះ ម៉ៅ ធូ អាយុ៥០ឆ្នាំ មុខរបរកម្មករអនាម័យ មានឪពុកឈ្មោះ អ៊ុន វុទ្ធា អាយុ៥៩ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ដែលមានស្រុកកំណើតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ខណៈដែលសមាជិក គ្រួសារលង់លក់ក្នុងដំណេក ក៏មិនបានដឹងថា ជនរងគ្រោះចេញទៅក្រៅផ្ទះពីពេលណាដែរ រហូតដល់វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៣១ នេះ ទៅហើយទើបអ្នកជិតខាងរត់ទៅដាស់ហៅប្រាប់ ជនរងគ្រោះត្រូវបានរថភ្លើងកិន ទើបនាំគ្នាឆោឡោ ហើយត្រូវបានរថយន្តរបស់គ្លីនិកឯកជនដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសល បានស្លាប់បាត់ទៅហើយ ទើបដឹកសពវិលត្រឡប់មកតម្កល់ទុកនៅវត្តពោធិចិនតុង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះរាល់ថ្ងៃ ឃើញដើរធ្វើចរាចរ តាមផ្លូវក្នុងមូលដ្ឋានខាងលើ យប់ឡើងជួនកាលគាត់នៅអង្គុយលេងតាមផ្លូវដែកមុខផ្ទះជួល ហើយនៅយប់កើតហេតុ ចន្លោះវេលាម៉ោង១-២រំលងអធ្រាត្រ មានរថភ្លើងមួយខ្សែបើកចូលស្ថានីយភ្នំពេញ ស្រាប់តែនៅវេលាម៉ោង៣ទៀបភ្លឺ ប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះ មានស្នាមរបួសដាច់ដៃជើង ប្រកាច់ននៀលនៅតាមផ្លូវដែក ក្នុងសភាពដាច់ដៃ ជើង ដែលសន្និដ្ឋាន ត្រូវបានរថភ្លើងបើកបុកកិន អូសជាង២០ម៉ែត្រ រត់ទៅដាស់ហៅក្រុមគ្រួសារ ហើយដឹកតាមរថយន្តគ្លីនិកឯកជនយកទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសល បានស្លាប់ ទើបដឹកសពមកតម្កល់ទុកនៅវត្តពោធិចិនតុង រាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ពិនិត្យជាក់ស្តែង ។

ទិដ្ឋភាពនៅបរិវេណវត្តពោធិចិនតុង ម្តាយជនរងគ្រោះស្រែកទ្រហោយំ ដង្ហោយរកសប្បុរសជនមេត្តាជួយដល់គ្រួសារគាត់ផង ខណៈដែលជីវភាពគ្រួសារក្រីក្រ រកតែលុយធ្វើបុណ្យសពកូនមិនបាន ៕

មតិយោបល់