ភ្នំពេញៈ សិស្សសាលាជម្ពូវ័នម្នាក់ ស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកូរ៉េ បើកកៀរកិនម៉ូតូសេ១២៥ ក្នុងដំណើរស្របទិសគ្នា កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ លន់ សៀងលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលា រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ក្បែរកន្លែងកើតហេតុ ។
តាមប្រភពនៅកន្លែងកើតហេត បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1K-7116 បើកបរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានទាក់ដៃចង្កូតរួចដួល ស្របពេលនោះមានរថយន្តកូរ៉េមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5449 បើកបរស្របទិសគ្នា បានកៀរហើយកិន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯរថយន្តព្យាយាមបើករត់ បានជាង១គីឡូម៉ែត្រ ទើបកម្លាំងសមត្ថកិច្ចតាមចាប់ឃាត់បាន រួមទាំងអ្នកបើកបរ ។
តាមសម្តីអ្នកបើកបររថយន្ត ឈ្មោះ លួន ស៊ាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ មានទីលំនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះជិះប៉ះរថយន្តគេផ្សេងហើយខ្ទាតចូលរថយន្តរបស់គាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ស្លាកស្នាមរួចប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចជំនាញវាស់វែងរួច រួមទាំងអ្នកបើកបរផង នគរបាលនាំយកទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់