ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីអាជីវករម្នាក់ ករណីប្រើអំពើហិង្សាដោយចេតនា

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ​ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង២០នាទី មានករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនានៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សូម ណាវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យ ឈ្មោះ អេង ឆេងគាង ហៅ យូរី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ ១. ដុំថ្ម ចំនួន០២ដុំ, ២. ម៉ូតូ ០១គ្រឿង ម៉ាកហ្សូមមឺ ពណ៌សលាយលឿង ពាក់ផ្លាកលេខ ភ្នំពេញ 1CK 4500,៣.រថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកមាស ពាក់ផ្លាកលេខ ព្រះសីហនុ 2A 6872 ។

សមត្ថកិច្ចបានធ្វើការកោះហៅ ឈ្មោះ អេង ឆេងគាង និងឈ្មោះ សូម ណាវី ឲ្យមកផ្សះផ្សាគ្នារឿងបរិហាកេរ្តិ៍គ្នា នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ ដោយឈ្មោះ សូម ណាវី បានមកជាមួយប្ដីឈ្មោះ ផន សុភ័ក្រ និងម្តាយឈ្មោះ យូ សុខឡេង មកជាមួយផង ។ ខណ:ពេលសមត្ថកិច្ចប៉ុស្ដិ៍កំពុងធ្វើការដោះស្រាយ ផ្សះផ្សាគ្នា ស្រាប់តែ ភាគីទាំងសងខាងបានទាក់ពាក្យសម្ដីគ្នា ហើយបានប្រតាយប្រតប់គ្នា បន្ទាប់មកត្រូវបានសមត្ថកិច្ចឃាត់ហើយបំបែកគ្នា រួចបានប្រាប់ឲ្យភាគីខាងឈ្មោះ សូម ណាវី ឲ្យចេញទៅសិនទៅ ដើម្បីរង់ចាំការដោះស្រាយលើកក្រោយទៅ ។

បន្ទាប់មកភាគីខាងរថយន្តបានចេញឡានទៅវិញ ហើយឈ្មោះ អេង ឆេងគាង ហៅ យូរី បានឃាត់មិនឲ្យឡានចេញទេ ដោយដៃកាន់ដុំថ្មរកគប់ឡានមិនឲ្យចេញ ហើយត្រូវបានសមត្ថកិច្ចរារាំងមិនឲ្យធ្វើសកម្មភាពទាន់ ។ បន្ទាប់មកភាគីរងគ្រោះបានចេញរថយន្តទៅមុន បន្ទាប់មកជនសង្ស័យបានចេញម៉ូតូទៅតាមក្រោយ ដល់ចំណុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជនសង្ស័យ បានយកដុំថ្ម គប់ឡាន របស់ជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ទ្វារខាងស្ដាំ ផ្នែកខាងមុខ ។

បន្ទាប់មកជនរងគ្រោះបានបត់ឡានថយក្រោយបំណងមកដាក់ពាក្យបណ្ដឹងវិញ មកដល់ចំណុចផ្សារព្រែកតូច ដោយមានការកកស្ទះជនសង្ស័យ បានឈប់ម៉ូតូនៅខាងមុខរថយន្ត ហើយបានយកដុំថ្មមួយដុំទៀត មកគប់លើឈ្មោះ សូម ណាវី តែត្រូវបានឈ្មោះ ផន សុភ័ក្រ យកដៃរង បណ្តាលឲ្យរងរបួសស្រាល ។
ភ្លាមៗនោះត្រូវបានកម្លាំងប្រជាការពារដែលកំពុងតែរៀបចំសណ្តាប់ធ្នាប់នៅផ្សារព្រែកតូចមកជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ ភ្លាមនោះសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយបានទៅដល់ ហើយធ្វើការនាំខ្លួនភាគីទាំងសងខាងមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់