ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ត្រូវពលរដ្ឋវាយទ្រោមខ្លួន ក្រោយឆក់ទូរស័ព្ទបានសម្រេចរត់មិនរួច

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នៅចំណុចសួនច្បារ មុខក្រសួងការពារជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ករណីឆក់ទូរស័ព្ទដៃ និងម្នាក់ទៀតរត់គេច។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ជនរងគ្រោះមកលេងនៅចំណុចកើតហេតុខាងលើ រួចក៏ដកទូរស័ព្ទម៉ាក huawei មួយគ្រឿង មកនិយាយ ស្រាប់តែលេចមុខជនសង្ស័យចំនួន ពីរនាក់ ធ្វើដំណើរដោយថ្មើរជើងមកឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច រួចព្យាយាមរត់គេចខ្លួន ខណៈនោះជនរងគ្រោះស្រែកថា ចោរៗ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឆ្លងទៅផ្លូវម្ខាងទៀតចូលដល់ទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបចាប់បានម្នាក់នាំគ្នាស្វាគមន៍ឡើងទ្រោមខ្លួន រួចប្រគល់ជូនសមត្ថកិច្ចតែម្ដង ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ចំពោះជនសង្ស័យសមត្ថកិច្ច ធ្វើការសួរនាំ និងធ្វើកំណត់ហេតុ រួចបញ្ជូនបន្តដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់