ព័ត៌មានជាតិ

រឿងសាកថ្មទូរស័ព្ទសោះ ផ្អើលសមត្ថកិច្ចទាំងព្រឹក

ភ្នំពេញៈ សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ពិសេសក្រុមសមត្ថកិច្ចពន្លក់អគ្គិភ័យបានចេញមកជួយអន្តរាគមន៍ភ្លាមៗ ដោយសារតែបញ្ហាសាកថ្មទូរស័ព្ទដៃ បង្កជាអគ្គិភ័យឆេះបន្ទប់គេងមួយកន្លែង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះលេខ46E1 ក្រុមទី26 ភូមិ4 សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ម៉ៃ ណៃ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះបានប្រាប់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង គឺផ្ដើមចេញមកពីការសាកថ្មទូរស័ព្ទដៃ ហើយឆ្លងចរន្តអគ្គិសនីឆេះឆាបតែម្ដង។

ម្ចាស់ផ្ទះបានបន្តទៀតថា ផ្ទះរបស់គាត់មានទំហំ4ម៉ែត្រ×16ម៉ែត្រ ថ្មក្រោមឈើលើ ហើយអគ្គិភ័យឆេះនោះ គឺឆេះតែបន្ទប់គេងទំហំ4ម៉ែត្រ×5ម៉ែត្រតែប៉ុណ្ណោះ បណ្ដាលឲ្យខូចខាតសម្ភារៈរួមមាន ៖ ទូរទស្សន៍១គ្រឿង គ្រែគេង១ឈុត និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រើរយៈពេលអស់ជាងកន្លះម៉ោង ទើបអាចពន្លត់អគ្គិភ័យនេះបានជាស្ថាពរ ដោយប្រើរថយន្តការិយាល័យអគ្គិភ័យចំនួន២គ្រឿង។ អគ្គិភ័យនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ៕

ches-home-2ches-home-3ches-home-1

មតិយោបល់