ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានជនជាតិចិនមួយក្រុមមានគ្នាប្រមាណ៧នាក់ (ស្រី១នាក់) បានធ្វើសកម្មភាពចាប់ជនជាតិចិន ២នាក់ (ស្រី១នាក់-ប្រុស១នាក់) ចុះពីរថយន្ត ១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BR-3333 ចូលទៅក្នុងផ្ទះវីឡាមួយកន្លែង ដែលនៅផ្លូវទៅលើភ្នំ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៧នាក់ (ស្រី១នាក់) ជាជនជាតិចិន ពាក់ព័ន្ធនឹងករណីចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ និងអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់)។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងសមត្ថកិច្ចថា បានឃើញជនជាតិចិនមួយក្រុមមានគ្នាប្រមាណ ៧នាក់ (ស្រី១នាក់) បានធ្វើសកម្មភាពចាប់ជនជាតិចិន ២នាក់ (ស្រី១នាក់-ប្រុស១នាក់) ចុះពីរថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BR-3333 ចូលទៅក្នុងផ្ទះវីឡាមួយកន្លែង ដែលនៅផ្លូវទៅលើភ្នំ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយប្រើកាំបិតភ្ជង់កជនរងគ្រោះ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននករបាលក្រុងព្រះសីហនុ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជ្យអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការរំដោះបានជនរងគ្រោះម្នាក់ ភេទប្រុស រីឯជនសង្ស័យពេលដឹងថាកម្លាំងសមត្ថកិច្ចមកដល់ បានផ្លោះរបងរត់គេចខ្លួនចូលក្នុងព្រៃបាត់ ។ បន្ទាប់ពីជនសង្ស័យរត់គេចខ្លួនអស់ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកជនរងគ្រោះម្នាក់ទៀត ភេទស្រី ដែលត្រូវជនសង្ស័យចាប់យកទៅឃុំទុកនៅកន្លែងផ្សេង ។
សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី កម្លាំងជំនាញបានកំណត់បានទីតាំងដែលជនសង្ស័យឃុំខ្លួនជនរងគ្រោះភេទស្រីនោះ គឺនៅបន្ទប់បឹងហ្គាឡូមួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ទើបកម្លាំងបើកកិច្ចប្រតិបត្តិការរំដោះបានជនរងគ្រោះ និងឃាត់ខ្លួនបានជនសង្ស័យ ៤នាក់ ដែលនៅយាមជនរងគ្រោះក្នុងបន្ទប់។
សមត្ថកិច្ចបញ្ជាក់ទៀតថាបន្ទាប់ពីធ្វើការសាកសួរបំភ្លឺពីជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ កម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនបានបក្ខពួករបស់ជនសង្ស័យ ជាបន្តបន្ទាប់ចំនួន ៣នាក់(ស្រី១) បន្ថែមទៀត គឺនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស, នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី នៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី និងនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៤០នាទី នៅចំណុចអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ភេទប្រុស ។ សរុបកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ (ស្រី១នាក់)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះទាំង២នាក់៖១-ឈ្មោះ XIANG YAYANGZI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរ ស្នាក់នៅសណ្ឋាគារ និងកាស៊ីណូស៊ីហ៊ូ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារៈបាត់បង់សរុបជាទឹកប្រាក់ចំនួន៧៥,០០០ដុល្លារ (ប្រាំពីរម៉ឺនប្រាំពាន់ដុល្លារអាមេរិក), លុយ៥០,០០០Yuan (វេរយកពីកុងធនាគារ), ខ្សែដៃ១ខ្សែ, ខ្សែក និងបន្តោងខ្សែក១ខ្សែ, នាឡិកាដៃ១គ្រឿង, ចិញ្ចៀន៣វង់, ក្រវិល១គូ, កាបូប១ និងសម្ភារៈប្រើប្រាស់មួយចំនួន។២-ឈ្មោះ ZHONG YUHAO ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅសណ្ឋាគារនិងកាស៊ីណូ ស៊ីហ៊ូ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់ លុយ៤,២០០ដុល្លារ (បួនពាន់ពីររយដុល្លារអាមេរិក), លិខិតឆ្លងដែន១ក្បាល, វ៉ាលីសំលៀកបំពាក់១ (មានសំលៀកបំពាក់ និងរបស់ប្រើប្រាស់មួយចំនួន)។
ដោយឡែកជនសង្ស័យទាំង៧នាក់៖១-ឈ្មោះ TAN ZHICHAO ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបររកស៊ី លិខិតឆ្លងដែនលេខ G55317276 ស្នាក់នៅក្រុម ១៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។២-ឈ្មោះ ZHOU HONGLI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅក្រុម ១៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។៣-ឈ្មោះ LIU DONG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E02546689 ស្នាក់នៅមិនពិតប្រាកដ។៤-ឈ្មោះ ZHUO MING ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅមិនពិតប្រាកដ។ ៥-ឈ្មោះ LI XINGANG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ G49043703 ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ៦-ឈ្មោះ TANG LU ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរលក់សត្វចិញ្ចិម និងព្យាបាលសត្វ កាន់លិខិតឆ្លងដែនលេខ EA2157194 ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។៧-ឈ្មោះ YANG JIAN YU ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួនស្នាក់នៅអូរ ត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតបានសម្ភារៈវត្ថុតាងផ្សេងៗមួយចំនួនពីជនសង្ស័យ ដោយសម្ភារៈវត្ថុតាងខ្លះ គឺជារបស់ជនរងគ្រោះ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា ករណីនេះ គឺក្រុមជនសង្ស័យបានរៀបចំផែនការចាប់ជំរិតជនរងគ្រោះ ដោយដំបូងជនសង្ស័យបានធ្វើជារាប់អានជាមួយជនរងគ្រោះក្នុងនាមជាជនជាតិចិនដូចគ្នា ហើយក៏ណាត់ជួបមុខគ្នាដើម្បីទទួលទានអាហារជាដើម ជាហេតុធ្វើឲ្យជនរងគ្រោះមានការទុកចិត្តទៅលើជនសង្ស័យ បន្ទាប់មកជនសង្ស័យក៏បានរៀបចំផែនការចាប់ជនរងគ្រោះជំរិតទារប្រាក់តែម្តង ព្រមទាំងប្លន់យកលុយ និងសម្ភារៈមានតម្លៃដែលនៅជាប់ខ្លួនជនរងគ្រោះថែមទៀត។ រីឯរថយន្តរបស់ជនរងគ្រោះម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BR-3333 ជនសង្ស័យបានយកទៅប្លុងចោលនៅតាមផ្លូវមុខ កាស៊ីណូហូលីដេរ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់