កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០មានករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា នៅហាងលក់ដូរយីហោ ពិទ័រគន្ធា ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ទុយ ហុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរ មេការផ្ទះសំណាក់ ពិទ័រគន្ធា ។ ជនសង្ស័យឈ្មោះ អៀង សុគន្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរបុគ្គលិកកាស៊ីណូ ។
វត្ថុតាងចាប់យក៖ កៅអីឈើបាក់បែកចំនួន ០១ ។ សម្ភារៈខូចខាត៖ កៅអីឈើ០១ កែវ ចាន អស់មួយចំនួនធំ។
កន្លងមកជនសង្ស័យ អៀង សុគន្ធ ធ្លាប់ចូលផឹកស៊ីនៅហាងយីហោ ពិទ័រគន្ធា ជាញឹកញាប់មកហើយ ពុំដែលមានបង្កបញ្ហាអ្វីទេ ។ លុះនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រមាណជា១៩និង០០នាទី ឈ្មោះ អៀង សុគន្ធ និងមិត្តភក្ដិបួនទៅប្រាំនាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងខាងលើ ក្រោយមកក៏បានទាក់ពាក្យសម្ដីគ្នាជាមួយនារីរត់តុ ហើយជនសង្ស័យបានបោកកែវ បោកចាន ខូចខាតអស់ជាច្រើន តែម្ចាស់ហាងពុំរករឿងទេ គ្រាន់តែបានទទួលសំណងការខូចខាតបានមួយចំនួន នៅខ្វះមួយចំនួនទៀតចាំគិតពេលក្រោយ។
លុះនៅពេលកើតហេតុខាងលើ ជនសង្ស័យ និងមិត្តភក្ដិ០១នាក់ទៀត បានចូលទៅហាងផឹកស៊ីខាងលើនោះទៀត ដោយស្ថិតក្នុងសភាពស្រវឹងទៅហើយពេលចូលទៅដល់ក៏មានទំនាស់ ជាមួយមេការនៅទីនោះ រួចបានបោកកៅអីជ័រក្នុងហាង និងវាយទៅលើជនរងគ្រោះមួយដៃចំមុខថែមទៀតផង។
ក្រោយមកជនរងគ្រោះក៏បានរាយការណ៍ តាមទូរស័ព្ទមកនគរបាលប៉ុស្ដិ៍សំពៅពូន ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្ដិ៍បានចុះនាំខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកោះធំតែម្ដង។ នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផឹកស៊ីស្រវឹងវាយបំផ្លាញសម្ភារៈប្រើប្រាស់នៅក្នុងហាងយីហោ ពិទ័រគន្ធា និងវាយទៅលើឈ្មោះ ទុយ ហុង ប្រាកដមែន ៕
មតិយោបល់