ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង១៦ និង៤៥នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥២-៥៣ ត្រង់ចំណុចភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តមួយគ្រឿង ម៉ាក គា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE.4792 បើកបរដោយជនមិនស្គាល់ឈ្មោះម្នាក់ បើកបរមកចំណុចកើតហេត បានបុកម៉តូមួយគ្រឿងពីក្រោយ ម៉ាកហុងដា C125 ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1N.8644 អ្នកបើកបរឈ្មោះ យ៉ែត ណាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរកសិករ (មិនពាក់មួកសុវត្ថិភាព) បានរងរបួសស្រាល មានអ្នករួមដំណើរជាមួយឈ្មោះ ង៉ែត ផុន ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំជាមួយគ្នា (មិនពាក់មួកសុវត្ថិភាព) បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ រថយន្តបង្ក ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះបានបញ្ជូនទៅគ្លីនិចឯងជន ដើម្បីជួយសង្រ្គោះ ។ សាកសពប្រគល់ទៅជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ បណ្តាលមកពីរថយន្តបើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ។

ករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានដកហូតយកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីបំពេញបែបបទបន្ត ចាត់ការតាមនីតិវិធីផ្លូច្បាប់ ៕

មតិយោបល់