ព័ត៌មានជាតិ

អ្នកនាំពាក្យថា៖ ចៅក្រមស៊ើបសួរនឹងពិនិត្យ សម្រេចអំពីការស្តាប់ចម្លើយភរិយាលោក កែម ឡី

ភ្នំពេញៈ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន៖ តើតុលាការនឹងមាននីតិវិធីបែបណា ខណៈភរិយាយលោកកែមទ្បីនៅក្រៅប្រទេស ហើយទើបតែឆ្លងទន្លេទៀតនោះ?

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា «ចៅក្រមស៊ើបសួរនឹងពិនិត្យ និងសម្រេចអំពីការស្តាប់ចម្លើយរបស់ដើមបណ្តឹងនៅកាលបរិច្ឆេទដោយអនុលោមតាមនីតិវិធីជាធរមាន»។

អ្នកនាំពាក្យរូបនេះបានឆ្លើយតបនឹងសំណួរ៖ ភាគីខាងគ្រួសារលោកបណ្ឌិត កែម ឡី បានមានប្រសាសន៍ថា មិនបានដាក់ពាក្យបណ្តឹងទេ ហេតុអីបានជាតុលាការចេញដីកាកោះ? ថា «ចៅក្រមស៊ើបសួរបានកោះហៅប្រពន្ធលោក កែម ឡី ក្នុងឋានៈជាដើមបណ្តឹងរដ្ឋប្បវេណី»។

ចំពោះសំណួរថា៖ ប្រសិនបើភរិយាលោកកែមឡី មិនអាចចូលខ្លួនឆ្លើយតាមកាលកំណត់ តើចៅក្រមស៊ើបសួរអាចនឹងកោះហៅជាលើកទី៣ទេ? លោកបានបញ្ជាក់ផងដែរថា «យើងត្រូវរង់ចាំដល់កាលបរិច្ឆេទនៃការស្តាប់ចម្លើយសិន ទើបដឹងថាចៅក្រមស៊ើបសួរនឹងមានចំណាត់ការអ្វីទៀតចំពោះករណីនេះ»។

បើយោងតាមដីកាកោះ (លើកទី២) ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក សេង លាង ចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានតម្រូវលោក ស្រី ប៊ូ រចនា ជាភរិយារបស់លោក បណ្ឌិត កែម ឡី ចូលខ្លួនបំភ្លឺក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី នៅ រសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ខាងមុខ។

គួររំឭកថា ខណៈដែលតុលាការចេញដីកាកោះហៅជាលើកទី២នេះ លោកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី កំពុងសម្រាកសម្រាលកូន នៅមន្ទីរពេទ្យនាក្រៅប្រទេសកាលពីល្ងាចថ្ងៃអាទិត្យទី២ ខែតុលា ឆ្នាំ២០១៦នេះ។ ការចាកចេញទៅសម្រាលកូននៅក្រៅប្រទេសនេះ គឺមានរយៈពេលជិត៣ខែ ក្រោយមរណភាព របស់ស្វាមីលោកស្រី។

សូមជម្រាបផងដែរថា ជនត្រូវចោទឈ្មោះ ជួប សំលាប់ ត្រូវបាន លោក សេង លាង ចៅក្រមសើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពី បទឃាតកម្មគិតទុកជាមុននិងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត យោងតាមមាត្រា២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

គួររំឭកថា ជនត្រូវចោទឈ្មោះ ជួប សំលាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ បានបាញ់សំលាប់ជនរងគ្រោះឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច បូកគោ កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

អ្នកនាំពាក្យអ្នកស្រី ប៊ូ រចនា​អ្នកស្រី ប៊ូ រចនា​

មតិយោបល់