ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានរថយន្តចំនួន០២គ្រឿងបានរងការខូចខាត ដោយសារតែដើមឈើដ៏ធំមួយដើមបានបាក់មែកសង្កត់លើខណៈកំពុងធ្វើដំណើរពេលមេឃកំពុងតែធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងស្ថានទូតបារាំងទល់មុខអគារបេះដូងកាល់ម៉ែត ផ្លូវលេខ៨០កែងមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុនោះបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តចំនួន០២គ្រឿងដែលរងការខូចខាតដោយសារតែមេឈើដ៏ធំមួយដើមបាក់ចេញពីក្នុងស្ថានទូតបារាំង ធ្លាក់ចំសង្កត់លើនោះ មានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ និងរថយន្តGX470 ពណ៌ស ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាដែលរថយន្តហាយឡែនឌ័របើកពីលិចមកកើតតាមផ្លូវលេខ៨០ ចំណែករថយន្តGX470 បើកពីកើតទៅលិច ឆ្លងកាត់ភ្លើងស្តុបដែលកំពុងតែលោតខៀវ គាប់ជួនពេលនោះស្រាប់តែស្រាប់តែមេឃឈើដែលគេដឹងថាជាដើមគ្រាប់បែក ឬក៏គេហៅថាដើមគីនីន ដ៏ធំនៅក្នុងបរិវេណស្ថានទូតបារាំង បានបាក់ចេញពីរបងដ៏ខ្ពស់របស់ស្ថានទូតបណ្តាលឲ្យសង្កត់លើរថយន្តទាំងពីរគ្រឿងនោះរងការខូចខាត និងបង្កជាការកកស្ទះនៅចំណុចផ្លូវនោះផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា អ្នកដែលរួមដំណើររួមទាំងអ្នកបើកបរនៅក្នុងរថយន្តទាំង០២គ្រឿងនោះ មិនត្រូវបានរងរបួសនោះទេ ប៉ុន្តែរថយន្តត្រូវរងការខូចខាតដោយសារតែមែកឈើនោះបានធ្លាក់សង្កត់ពីលើ។
បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរមូលដ្ឋានជាពិសេស លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ចែងកម្លាំងចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសម្រួលចរាចរណ៍ក៏ដូចជាចាត់ចែងផ្នែកជំនាញដើម្បីអាកាត់មែកឈើទាំងនោះ ដើម្បីសម្រួលចរាចរណ៍ឡើងវិញផងដែរ៕
មតិយោបល់