ភ្នំពេញៈ រថយន្តកុងទីន័របើកកៀរ រថយន្តដឹកឥដ្ឋតៃកុងបួងចង្កូតឡើងទ្រូងផ្លូវបុកបង្គោលភ្លើងមួយដើមដួលរាបដល់ដល់ដីលើមហាវិថីឈ្នះឈ្នះ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះឈ្នះ នៅចំណុចមុខដីឡូត៍ គ្មានលេខ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តកុងទីន័រ មិនត្រូវបានស្គាល់ផ្លាកលេខនោះទេ បានបើកគេចទៅបាត់ បន្ទាប់ពីកើតហេតុ ។ ចំណែករថយន្តដឹក ឥដ្ឋម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស តួពណ៌ខៀវ ពាក់ផ្លាកលេខយ 0672 ភព3 បើកដោយបុរសម្នាក់ រួមដំណើរដោយប្រពន្ធម្នាក់ និងក្មេង២នាក់ទៀត ។
តាមប្រភពព័ត៌មានពីតៃកុងរថយន្ត ខាងលើបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្តោយផ្លូវខាងលើ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងទីន័រ មិនចាំផ្លាកលេខ បើកស្របទិសគ្នា មកពីក្រោយកៀរខាងស្តាំរថយន្តគាត់ ដោយភ័យពេកខ្លាចមានគ្រោះថ្នាក់ ដល់ប្រពន្ធក៏បួងចង្កូតឡើងសួនទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយ បណ្តាលឱ្យដួលតែម្តង។ បន្ទាប់ពីកើតហេតុភ្លាម រថយន្តកុងទីន័រ មិនបានឈប់ដោះស្រាយឡើយ គឺបន្តដំណើរទៅមុខបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងជំនាញមកវាស់វែងយករថយន្ត ដឹកឥដ្ឋនិងអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕
មតិយោបល់