ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្ត ដែលអស់ប្រេងឈប់ចតលើផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធ័ម

កណ្ដាលៈ នៅថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៌ ឆ្នាំជូតឯកស័កព-ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់
ចំណុចភូមិពោធិ៍មង្គល់ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៩-២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូជិះបុកពីក្រោយ រថយន្តដែលអស់ប្រេងចតឈប់នៅលើទ្រូងផ្លូវ។

សភាពរឿងហេតុ៖ នៅវេលា-ថ្ងៃ-ខែ-ឆ្នាំ កើតហេតុខាងលើ មានររថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-8089 (អ្នកបើកបររត់គេចខ្លួន)បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកបរមកដល់កន្លែងកើតហេតុ បានអស់ប្រេងហើយក៏ឈប់អែបខាងស្តាំ (នៅលើទ្រូងផ្លូវផ្នែកខាងស្តាំ) រង់ចាំទិញប្រេងមកចាក់ដើម្បីបន្តដំណើរទៅមុខទៀត) នៅពេលនោះដែរ ក៏មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ធុន សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CC-1826 បើកបរក្នុងទិសដៅពីជើងទៅត្បូង(ស្របគ្នា) បើកបរដោយឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានមកបុកពីក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យ អ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការគូសដៅវាស់វែងកន្លែងកើតហេតុ រួចនាំយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់