កំពង់ឆ្នាំងៈ នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ស្ថិតនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក MONING ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 2B-3546 បើកបរដោយឈ្មោះ មាស ច័ន្ទដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខែ្មរ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរចេញពីទិសខាងជើងទៅទិសខាងត្បូង។
លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្តម៉ាក ASIA GRANTO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-8833 និងសឺមីរ៉ឺម៉ក ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 4A-0852 ដែលជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន អក្សរ DN (មិនស្គាល់អ្នកបើកបរ និងអាស័យដ្ឋាន រត់គេចខ្លួនបាត់) ដែលកំពុងចតឈប់នៅជាប់ចិញ្ចើមផ្លូវ (មេឃកំពុងភ្លៀង) ពីទិសខាងត្បូងទៅទិសខាងជើង ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ប្រុស (អ្នកបើកបររថយន្តម៉ាក MONING) ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកមករក្សាទុក នៅអធិការដ្ឋានគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ ឈប់ចតដោយគ្មានភ្លើងបំភ្លឺ ឫគ្មានសញ្ញាសម្រាប់ឲ្យយានដទៃបានដឹង ៕
មតិយោបល់