សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០២ និង២៧នាទីទៀបភ្លឺ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសហការជាមួយ កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះបង្ក្រាប និងឃាត់រថយន្តចំនួន ០១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AA-5077 ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត នៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ ក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចចម្រុះ បានឆែកឆេររកឃើញគ្រឿងក្នុងជ្រូក ខូចគុណភាពចំនួន ០៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម ។
ក្នុងនោះរួមមាន៖ ត្រចៀកជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ០២កេស ស្មើនឹង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ។
ចំពោះវត្ថុតាង សមត្ថកិច្ច បានសហការជាមួយ មន្ត្រី នៃមន្ទីរផលិតកម្ម និងបសុព្យាបាលសត្វខេត្ត ធ្វើការដុតកម្ទេចចោល ហើយមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យ សមត្ថកិច្ចចម្រុះ បានប្រគល់ឲ្យទៅមន្ត្រីជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់