ព័ត៌មានជាតិ

រថយន្តម៉ាស្ដាពន្លះគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្តម៉ាក ម៉ាស្ដា១គ្រឿងខណ:បើកបត់ឆ្វេងបានវាក់ជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកទឹកសុទ្ធនិងភេសជ្ជ: ហើយក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើបររងរបួសធ្ងន់។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងច្រកចូលវិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តម៉ាកម៉ាស្ដា១គ្រឿងនោះពណ៌សពាក់ផ្លាកលេខភ្នំពេញ1AW-1544 ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកភេសជ្ជ: ម៉ាកស៊ីទីផ្លឹសសេ១០០កូរ៉េពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1HC-1727 ហើយអ្នកបើកបររងរបួសធ្ងន់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតបានបត់ឆ្វេងដៃ ហើយវាក់ជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដែលកំពុងបើកបរធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ក្នុងទិសដៅពីលិចទៅកើត។ពេលនោះមនអាចជាន់ហ្រ្វាំងឈប់ទាន់និងមិនអាចគេចចេញពីគ្នាផុតក៏បានបុកគ្នាពេញទំហឹងតែម្ដង ខណ:នោះបណ្ដាលឲ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីនោះ ហើយរាយការណ៍បន្តទៅកាន់នគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះធ្វើការវាស់វែងនិងចាត់ការតាមច្បាប់៕

មតិយោបល់