ព័ត៌មានជាតិ

ផាស្អាប់ហ្វ្រាំងមិនជាប់ជ្រុលបុករះ៣គ្រឿងទៀតកំពុងចតស្ងៀម

ភ្នំពេញ: ផាស្អាប់មួយគ្រឿងអ្នកបើកបរកង្វះការត្រួតពិនិត្យបច្ចេកទេស បើកបោះពួយលឿនគេចពីម៉ូតូខាងមុខ ហ្វ្រាំងមិនជាប់ជ្រុលទៅបុករះផាស្អាប់ដូចគ្នាបី៣គ្រឿងជាបន្តបន្ទាប់ រងខូចខាត មានមួយគ្រឿងក្រឡាប់ តែពុំមានអ្នករងរបួស កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ឃើញម៉ូតូកង់បីឥណ្ឌា ពណ៌លឿង គ្មានស្លាកលេខ ដំបូលខ្មៅ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានគេចពីម៉ូតូមកពីខាងមុខ ងាកទៅស្តាំជាន់ហ្វ្រាំងមិនសុី មិនជាប់ បែជាជ្រុលទៅបុករំម៉ូតូកង់បីដូចគ្នាដែលចតឈប់នៅចិញ្ចើមផ្លូវ មាន២គ្រឿងកង់បីឥណ្ឌ និងមួយគ្រឿងទៀត ប្រភេទកង់បីសណ្តោង របស់ខ្មែរ ហើយក្នុងហេតុការណ៍នោះធ្វើឲ្យម៉ូតូកង់បីសណ្តោង ក្រឡាប់ផ្ងារជើង តែពុំបង្កឲ្យអ្នកណារងរបួស ពោលខូចខាតតែសម្ភារ: ។

ក្រោយកើតហេតុ ភាគីខាងម៉ូតូកង់បីសណ្តោងរបស់ខ្មែរ ទោះជាបានក្រឡាប់មែនពិត តែមិនខូចខាត ត្រូវបានម្ចាស់ មិននៅរកខុសត្រូវ ឬទាមទាររកសំណងឡើយ សុំទៅមុនហើយ ដោយមិនចង់នៅវែងឆ្ងាយ ។ រីឯម៉ូតូកង់បីឥណ្ឌា២គ្រឿងរងខូចខាត ត្រូវបានភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នា ដោយភាគីបង្កសុខចិត្តចេញថ្លៃជួសជុលឲ្យទាំងស្រុង ដើម្បីបញ្ចប់រឿងនៅកន្លែង ទុកជាការរាប់អាន សុទ្ធតែប្រកបមុខរបរដូចគ្នា ៕

 

មតិយោបល់