ភ្នំពេញៈ យុវជនម្នាក់ ទើបចេញពីផឹកស៊ី ក្នុងកម្មវិធីខួបកំណើត ជាមួយមិត្តភក្ដិ បានជិះម៉ូតូត្រឡប់ទៅផ្ទះ ជាមួយល្បឿនយ៉ាងលឿន ស្រាប់តែអកហ្សឺនិងរថយន្តនៅពីមុខ ក៏ជ្រុលចង្កូតបុកខឿនផ្លោងអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២ និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ ថិកែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ មាស សុខម៉េង អាយុ២០ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅការ៉ាស់ឡាន ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើត នៅម្ដុំផ្សារដើមអំពិល ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងមិត្តភក្ដិជនរងគ្រោះ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូធំម៉ាក DUCATI ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-8898 តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ កែងនិងផ្លូវលេខ២៤០ ក៏បានអកហ្សឺជាមួយនឹងរថយន្តមួយគ្រឿង នៅខាងមុខ ក៏ជ្រុលចង្កូតទៅបុកខឿននៅចិញ្ចើមផ្លូវផ្លោងជាង៥០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះ ដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ រីឯម៉ូតូបានខ្ទាតឆ្ងាយពីជនរងគ្រោះ ជិត១០ម៉ែត្របន្ថែមទៀត រងការខូចខាតតិចតួច ។
ក្រោយកើតហេតុភ្លាមៗ មិត្តភក្ដិជនរងគ្រោះ ដែលជិះតាមពីក្រោយ បានមកដល់មានការតក់ស្លុត និងយំសោកស្ដាយជាខ្លាំង ព្រោះបានបាត់បង់មិត្តភក្ដិ និងសាច់ញាតិដ៏ល្អម្នាក់ជារៀងរហូត ។
បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឱ្យសាច់ញាតិ នៅពេលក្រោយ ។ ចំណែកសព ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់