ភ្នំពេញៈ សេចក្តីរាយការណ៍មួយបានឱ្យដឹងថា នៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ផ្អើលឆោរឡោចេញពីហាងផឹកស៊ីមួយកន្លែង ដែលមានយីហោ “វិមានព្រិល” ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដោយមានបុរសស៊ីវិលម្នាក់ ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី ( ផ្កាយ១ ) បានជិះរថយន្តម៉ាក LEXUS RX 400h ពណ៌ស្ករ ផ្លាកលេខនគរបាល 2-7119 ១គ្រឿង បានចូលទៅហាងផឹកស៊ី ស្រាប់តែផ្ទុះហិង្សាជាមួយបានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក់មួយដើមគំរាមបាញ់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលម្នាក់ៗ ភ័យរត់ចែកជើងគ្នា ហើយក៏មានអ្នករាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ។
ក្រោយពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុភ្លាម ជនបង្កបានឡើងរថយន្តបើកគេចចេញពីកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ធ្វើការដេញតាមរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនោះបាន ក៏នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុជនបង្កនោះបានចូលផឹកស៊ីក្នុងហាងកើតហេតុខាងលើ បានមួយសន្ទុះស្រាប់តែមានទំនាស់ ឈានដល់ការដកកាំភ្លើងខ្លីគំរាមបាញ់ ។
ក្រោយពេលបញ្ជូនជនបង្កនោះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះ ឱ្យដឹងថាមានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើ សមត្ថកិច្ចបាននាំមកកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើ ក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំមនផងដែរ ដើម្បីសាកសួរមូលហេតុដែលផ្តើមចេញពីអ្វីឱ្យពិតប្រាកដ ៕
មតិយោបល់